
ពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ការអនុញ្ញតនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

គួរបញ្ជាក់ថា ស្ពានខ្ពស់ជាងគេនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់៩៦%ហើយ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) បានដំឡើងរួចរាល់។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង ចាក់បេតុងកម្រាល រៀបចំបង្កាន់ដៃ និងចាក់ AC (Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថិភាព ជាកិច្ចបង្ហើយ៕

