ភ្នំពេញ៖ គណៈប្រតិភូមកពីស្ថានទូតអាល្លឺម៉ង់ និងគណៈប្រតិភូស្ថានទូតកាណាដា រួមមានមកពីតំណាងហុងកុង ចិន និងប្រទេសផ្សេងៗទៀតចំនួនប្រមាណ ៤០នាក់ នៅថ្ងៃទី ១០ មីនាម្សិលមិញ បានទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ។ក្នុងដំណើរទស្សនកិច្ចនោះ ទូតអាល្លឺម៉ង់ ភ្ញាក់ផ្អើលពេលបានឃើញ«អាកាសយានដ្ឋានអន្តរជាតិតេជោ»អមការបង្កប់រចនាបថវប្បធម៌ខ្មែរ។
ដូចរាល់ដងដែរ ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូមកពីស្ថានទូតនានាទាំងអស់សុទ្ធតែសម្តែងការចាប់អារម្មណ៍ខ្លាំងពីគម្រោង«អាកាសយានដ្ឋានអន្តរជាតិតេជោ»លំដាប់ 4F របស់កម្ពុជាដែលបច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណជាង៩៥ភាគរយ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Stepan MESSERER ទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានថ្លែងថា នេះគឺជាលើកទីមយហើយដែលលោកបានទស្សនកិច្ចគម្រោង«អាកាសយានដ្ឋានអន្តរជាតិតេជោ»ដែលជាព្រលានទំនើប និងថ្មី ហើយជាភាពអស្ចារ្យ។
បើតាមទូតអាល្លឺម៉ង់រូបនេះ លោកចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការរួមបញ្ចូលរចនាបថ និង វប្បធម៌របស់ខ្មែរ ដែលវាគឺជាចំណុចដ៏ល្អមួយ។ចំណែក ទំហំនៃអាកាសយានដ្ឋាននេះ គឺជាការវិនិយោគសម្រាប់ពេលអនាគត ហើយ វាគឺជាចំណែកហេដ្ឋារចនាសម្ព័ន្ធមួយដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាស្រូបទាញយកភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា។ម្រោង«អាកាសយានដ្ឋានអន្តរជាតិតេជោ»លំដាប់ 4F សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើឲ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕