
សៀមរាប៖ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរ សង្ក្រាន្ដឆ្នាំថ្មី” ហើយការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្គដែលមានទ្រង់ទ្រាយធំជាងមុន។នេះបើតាមការប្រកាសពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី បានសម្តែងនូវសោមនស្សរីករាយ ចំពោះការយាងធ្វើដំណើររបស់ព្រះមហាក្សត្រ ក្នុងការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជួយដល់ព្រះរាជាណាចក្រកម្ពុជា និង ចូលរួមជាចំណែកមួយក្នុងការចូលរួមដង្ហែរជាមួយព្រះមហាក្សត្រ ដែលព្រះរាជពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥។
បើតាមលោក ហ៊ុន ម៉ានី “តាមរយៈព្រះរាជពិធីបួងសួងសុំសេចក្តីសុខ និង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាប ក្នុងឆ្នាំនេះ នឹងមានអស្ចារ្យ និងសប្បាយរីករាយជាងឆ្នាំមុន”។លោកតា គិតពីឆ្នាំ ២០១៣ ឆ្នាំនេះជាឆ្នាំទី ១២ គិតចាប់ពីថ្ងៃបដិសន្ធិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលព្រឹត្តិការណ៍នេះបាននាំ មកនូវសម្បត្តិវប្បធម៌អរូបីជាច្រើនអនេកនៃដូនតាខ្មែរលើ បេតិកភណ្ឌរូបីនៃប្រាង្គប្រាសាទអង្គរ ។
លោកសង្កត់ធ្ងន់ថា ក្នុងឱកាសពិធីចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ ព.ស. ២៥៦៨ - ២៥៦៩ គ.ស ២០២៥ ប្រធានបទសម្រាប់អង្គរសង្រ្កាន្តគឺ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី»។លោកវាយតម្លៃថា អស់រយៈពេល ១២ ឆ្នាំនៃការរៀបចំ ប្រាកដណាស់ គឺត្រូវរៀបចំឱ្យមានភាពទាក់ទាញ និង ធ្វើយ៉ាងណាឱ្យទទួលបានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕