Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន ម៉ាណែត៖ គោលនយោបាយជួយឧបត្ថម្ភដល់«ស្រ្តីមានផ្ទៃពោះ» រហូតដល់កូនមានអាយុ ២ឆ្នាំ ជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី ។ ការលើកឡើងនេះធ្វើឡើងនៅពេលសម្ដេចអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅទារកដ្ឋានរោងចក្រម៉ាវ៉ល ហ្កាមិន។

សម្តេច ហ៊ុន ម៉ាណែត បានលើកឡើង ក្នុងពេលចុះពិនិត្យដោយផ្ទាល់នៅទារកដ្ឋានរោងចក្រម៉ាវ៉ល ហ្កាមិន ថា «ស្ត្រីមានផ្ទៃពោះ» នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន រៀល កូនភ្លោះ៣ ទទួលបាន ១ លាន ៦ សែន រៀល និងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត។ 

ការបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស គឺជា គោលការណ៍១ ក្នុងចំណោមគោលការណ៍ទាំង១០ ដែលសម្ដេចបានដាក់ចេញគោលការណ៍នេះ កាលពីពេលដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីឱ្យក្រសួងការងារអនុវត្ត ។ 

ការបង្កើតទារកដ្ឋាននេះ គឺ សម្រាប់ការមើលថែទាំកូនៗ ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ របស់កម្មករនិយោជិត ដែលនឹងជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត ហើយកុមារនឹងទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលនឹងក្លាយជាមូលធនមនុស្សកម្ពុជានាពេលខាងមុខ។ 

គួរបញ្ជាក់ផងថា ទារកដ្ឋានរោងចក្រម៉ាវ៉ល ហ្កាមិន គឺជាទារកដ្ឋានទី១ នៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលនឹងរៀបចំបង្កើតទារកដ្ឋានឱ្យកាន់តែច្រើនបន្ថែមទៀត ដោយក្នុងនោះកំណត់ជាគោលការណ៍គឺ រោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិតលើសពី ១០០នាក់ គឺត្រូវរៀបចំបង្កើតទារកដ្ឋាន នៅក្នុងរោងចក្រ សហគ្រាសនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង