Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ត្រូវបានពង្រីកវិសាលភាពដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចចេញប្រកាសអន្តរក្រសួង លេខ០៧៥/២៥ ក.ប/ប្រ.ក.ប.ស.ស. ដើម្បីផ្ដល់សាច់ប្រាក់ឧបត្ថម្ភ ដល់ស្រ្តីមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ អំឡុងមានផ្ទៃពោះ រហូតដល់កុមារអាយុ ២ឆ្នាំ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិគាំពារសង្គមបានសិក្សាអំពីលទ្ធភាពក្នុងការពង្រីកវិសាលភាពវិសាលភាពនៃកម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។

លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងែទី៨ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធខួបទី១១៤ នៃទិវាអន្តរជាតិនារី បានមានប្រសាសន៍ថា ការគិតគូរអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខសង្គម, ក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃ, និងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបណ្ឌិត បន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ, ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ និង សមាជិក ប.ស.ស. មានចំនួនសរុបប្រមាណ ១,១លាននាក់ កំពុងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលការណ៍នេះបង្ហាញថា វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា មានការកើនឡើងមួយកម្រិតទៀត។

គួរបញ្ជាក់ថាក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០២៥ ” កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានលោកបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ឱ្យគិតគូរក្នុងការពង្រីកវិភាពនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ ដល់ស្រ្តីកំពុងជាប់ឃុំក្នុងពន្ធនាគារ បន្ថែមទៀតផងដែរ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង