
បាត់ដំបង៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយបណ្តារោងម៉ាសុីនកិនស្រូវ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។ជាកិច្ចប្រជុំ មានគោលបំណងពិនិត្យមេីលស្ថានភាពការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាសុីនកិនស្រូវក្នុងស្រុក ក្នុងការប្រេីប្រាស់ដេីម្បីទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាពខ្ពស់ និងជួយដល់កសិករបានពិតប្រាកដ។
យោងតាមក្រសួងកសិកម្ម ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថាទុនពិសេសដែលបញ្ចេញដោយរាជរដ្ឋាភិបាល គឺដេីម្បីរក្សាស្ថិរភាពថ្លៃ និង លំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងកិច្ចពិភាក្សានោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលេីកឡេីងពីការធ្វេីស្តង់ដាមួយដែលបម្រេីផលប្រយោជន៍សម្រាប់ផលិតផលអង្ករក្រអូបប្រណីតរបស់កម្ពុជា និង នាំឱ្យកម្ពុជាមានឧត្តមភាពពិតប្រាកដនៅលេីទីផ្សារអន្តរជាតិ។
បើតាមលោករដ្ឋមន្ត្រី ពូជស្រូវក្រអូបមានច្រេីនប្រភេទរួមមានសែនក្រអូប ចំបុីស៧០ ស្រងែថ្មី ដែលរោងម៉ាសុីនកិនស្រូវត្រូវផ្តល់តម្លៃដល់ពូជស្រូវក្នុងស្រុកនេះដូចគ្នា សំដៅទទួលបានផលប្រយោជន៍រួមគ្នារវាងកសិករដាំដុះ និងរោងម៉ាសុីន និងបង្កេីនភាពជឿជាក់ជាមួយគ្នា។
លោកបាន ណែនាំឱ្យរោងម៉ាសុីនកិនស្រូវក្នុងស្រុក ត្រៀមកំណត់នូវតម្រូវការបរិមាណស្រូវក្រអូបសម្រាប់ទីផ្សារដែលខ្លួនត្រូវការ ដេីម្បីជាទិន្នន័យងាយស្រួលក្នុងការរៀបចំសហគមន៍ឱ្យស្របទៅតាមការផ្គត់ផ្គង់ និងមានផែនការជាក់លាក់៕