681 ezgif.com resize
Swift cc time

លោក ផន ផល្លា ទទួលបាន«ការកោតសរសើរ»ពី សម្តេចហ៊ុន ម៉ាណែត ចំពោះការជួយកុមារកំព្រាគ្មានទីពឹង

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក ផន ផល្លា ប្រធានមណ្ឌលមកឈើ ទទួលលិខិតសរសើរ ពី  សម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ​៖ លោក ផន ផល្លា ប្រធានមណ្ឌលមកឈើ ទទួលបានការកោតសរសើរពី សម្តេច ហ៊ុន ម៉ាណែត ចំពោះសកម្មភាពមនុស្សធម៌ក្នុងការជួយដល់កុមារគ្មានទីពឹង ដើម្បីផ្តល់នូវទីកន្លែងសុវត្ថិភាព ការថែទាំ ទំនុកបម្រុងម្ហូបអាហារ ព្រមទាំងបញ្ចូនឱ្យទៅសិក្សា។ មកដល់បច្ចុប្បន្ន មាន កុមារប្រមាណ ១៨២រូប កំពុងទទួលបានការមើលថែក្នុងមណ្ឌលមែកឈើ។ ​

លោក ផន ផល្លា និងកុមារនៅក្នុងមណ្ឌលមែកឈើ

យោងតាមការបង្ហោះជាសាធារណៈលើបណ្តាញសង្គមរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមកឈើ នាថ្ងៃទី ៧ មីនា បាន​ឱ្យដឹងថា លោកទទួលបានការកោតសរសើរពីសម្តេច ហ៊ុន ម៉ាណែត ចំពោះសកម្មភាពមនុស្សធម៌ សមានចិត្ត និងកាយវិការប្រកបដោយភាពច្នៃប្រឌិត ក្នុងការកៀរគរកម្លាំងសប្បុរសធម៌ពីមហាជន ដើម្បីជួយ ដល់កុមារគ្មានទីពឹង ក្មេងកំព្រា ក្មេងអនាថា ក្មេងពិការ ក្មេងត្រូវបានគេរំលោភបំពាន ព្រមទាំងក្មេងរងគ្រោះ ផ្សេងៗទៀត ដើម្បីផ្តល់នូវទីកន្លែងសុវត្ថិភាព ការថែទាំ ទំនុកបម្រុងម្ហូបអាហារ ព្រមទាំងបញ្ចូនឱ្យទៅសិក្សា។

លោក ផន ផល្លា និងកុមារនៅក្នុងមណ្ឌលមែកឈើ

សម្តេច ហ៊ុន ម៉ាណែត បានចែងក្នុងលិខិតកោតសរសើរនេះថា «ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវមោទនភាព ចំពោះសកម្មភាពរបស់លោក ដែលជាកម្លាំងចលករដ៏សប្បុរស ចូលរួមចំណែកដោយផ្ទាល់ ក្នុងការកសាងសមិទ្ធផលសង្គមជាតិយើង។»

លោក ផន ផល្លា លក់អាវដើម្បីកៀរគរថវិកាគាំទ្រមណ្ឌលមែកឈើ

បើយោងតាម ការបង្ហោះក្នុងបណ្តាញសង្គមនៃមណ្ឌលមែកឈើ បច្ចុប្បន្ន​ មានកុមារប្រមាណ ១៨២នាក់ ដែលទទួលបានការផ្តល់ជម្រក អាហារ ការថែទាំ ការសិក្សា និងការបណ្តុះបណ្តាល។ កន្លងមកនេះ លោក ផន ផល្លា បានបង្កើតកម្មវិធីមូលនិធិលក់អាវដែលមានតម្លៃ ៧ ដុល្លារ តាមបណ្តាទីតាំងនានាក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានថវិកាទ្រទ្រង់ដល់កុមារដែលស្ថិតក្នុងមណ្ឌលមែកឈើ៕

លិខិតសរសើរចំពោះលោក ផន ផល្លា ដោយសម្តេច ហ៊ុន ម៉ាណែត


Khcct banner

អត្ថបទទាក់ទង