
ប៊ែរឡាំង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្នុងឱកាសដែលភាគីទាំងពីរចូលពិព័រណ៍ទេចរណ៍អន្តរជាតិ ITB 2025 នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ) ដោយការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់មកកាន់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងឈានមុខគេក្នុងតំបន់ និងពិភពលោក៕

