Cctime 6monthsfree desktop
Cc times  web banner kh (2)

វិទ្យាល័យពេជ្រចិន្តា ជា​ប់«ចំណាត់ថ្នាក់លេខ១» ផ្នែកផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ វិទ្យាល័យពេជ្រចិន្តា ខេត្ដបាត់ដំបង មានចម្ងាយ ១៣០ គីឡូម៉ែត្រ ពីទីរួមខេត្ត បាន «ចំណាត់ថ្នាក់លេខ១»ផ្នែកផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ ដែលមានការសហការល្អរវាងគ្រូ សិស្ស អាណាព្យាបាល សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យអប់រំ។

លោក ប៉ិច ឈឿត ជានាយកវិទ្យាល័យពេជ្រចិន្តា 


យោងតាម លោក ប៉ិច ឈឿត ជានាយកវិទ្យាល័យពេជ្រចិន្តា បានឱ្យដឹងថា វិទ្យាល័យពេជ្រចិន្តាមានកំណើតដំបូងនៅឆ្នាំ២០០៣-២០០៤ ដែលពេលនោះគ្រាន់តែជាអនុវិទ្យាល័យមួយតែប៉ុណ្ណោះ ដែលមានឈ្មោះថា អនុវិទ្យាល័យភ្នំព្រឹក។ សាលានេះមានទីតាំងស្ថិតនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ​ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង មានចម្ងាយ ១៣០ គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបងជាប់ព្រំដែនថៃ។

ប្រភពរូបភាព៖ វិទ្យាល័យ ពេជ្រចិន្តា

កំណើនសិស្សកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ សិស្សានុសិស្សពិបាកទៅរកសាលារៀនបន្តនៅមធ្យមសិក្សាទុតិយភូមិ ដោយសារតែវិទ្យាល័យភាគច្រើនមាននៅក្នុងក្រុងបាត់ដំបងដែលឆ្ងាយពីផ្ទះរបស់សិស្សដែលបញ្ចប់ថ្នាក់ទី៩ពីអនុវិទ្យាល័យភ្នំព្រឹក ធ្វើឱ្យសិស្សានុសិស្សមួយចំនួនត្រូវបង្ខំចិត្តបោះបង់ការសិក្សា ព្រោះមិនមានលទ្ធភាពបន្តទៅកាន់ថ្នាក់វិទ្យាល័យ។ ដូច្នេះដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស សហគមន៍ និងអាជ្ញាធរដែនដីបានសុំពង្រីកសាលាពីអនុវិទ្យាល័យភ្នំព្រឹកទៅជាវិទ្យាល័យពេជ្រចិន្ដា កាលពីឆ្នាំ២០១៦-២០១៧។ ជាលទ្ធផល អនុវិទ្យាល័យភ្នំព្រឹក បានបន្ថែមកម្រិតសិក្សារហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលប្តូរមកឈ្មោះ វិទ្យាល័យពេជ្រចិន្តា​ ដូចសព្វថ្ងៃ។

ប្រភពរូបភាព៖ វិទ្យាល័យ ពេជ្រចិន្តា

បើតាមបទសម្ភាសន៍នៃ លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និងអាជ្ញាធរក្នុងវីដេអូដែលក្រសួងអប់រំបានចុះផ្សាយ បានឱ្យដឹងថា វិទ្យាល័យពេជ្រចិន្តា ជាវិទ្យាល័យមួយដែលបានអនុវត្តវិន័យបានខ្ជាប់ខ្ជួនល្អទាំងគ្រូនិងសិស្សានុសិស្ស តួយ៉ាងដូចជាការទុកដាក់សម្រាមរបស់ខ្លួន ការមិនអនុញ្ញាតឱ្យលក់ភេសជ្ជៈដែលអាចប៉ះពាល់សុខភាពក្នុងសាលារៀន ការទុកដាក់ដបទឹកដែលប្រើប្រាស់រួចក្នុងធុងសំណាញ់ និងការចូលរួមរក្សាបរិស្ថានស្អាតក្នុងថ្នាក់រៀន និងសាលារៀនជាដើម។ បន្ថែមពីនេះ ដើម្បីធ្វើឱ្យអាណាព្យាបាលទទួលបានដំណឹងនាពេលសិស្សមិនបានចូលរៀនក្តី គ្រូនឹងទាក់ទងទៅកាន់អាណាព្យាបាលតាមរយៈលេខទូរស័ព្ទដែលបានបិទតាមតុរបស់សិស្សនីមួយៗ។

ប្រភពរូបភាព៖ វិទ្យាល័យ ពេជ្រចិន្តា

គួរបញ្ចាក់ថា សាលារៀនបានយកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្ស ដោយមានថ្នាក់កុំព្យូទ័រដែលអនុញ្ញាតឱ្យសិស្សចាប់យកជំនាញឌីជីថលទោះនៅឆ្ងាយពីទ៏ីក្រុងក៏ដោយ ហើយនាពេលដែលសិស្សានុសិស្សមានបញ្ហាអ្វីដែលរារាំងដល់ការសិក្សា សាលាបានយកចិត្តទុកដាក់តាមរយៈការចុះជួបផ្ទាល់ជាមួយអាណាព្យាបាលដើម្បីស្វែងរកដំណោះស្រាយដែលអាចជំរុញឱ្យសិស្សអាចបន្តការសិក្សាដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេនាពេលអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង