
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។
ការដាក់ឱ្យដំណើរការនេះ នឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត សម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា ដោយផ្ដល់នូវបទពិសោធន៍ក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា។ លើសពីនេះ ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧ លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះ មិនត្រឹមតែបង្កើនភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវសក្តានុពលសម្រាប់ ទេសចរណ៍ បរិយាបន្ន ហិរញ្ញវត្ថុ និង ការធ្វើសមាហរណកម្មក្នុងតំបន់។
ការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមចំណែកបង្ហាញនូវសក្តានុពលផ្នែកទេសចរណ៍ តាមរយៈការផ្តល់លទ្ធភាពឱ្យ ប្រជាជនម៉ាឡេស៊ីអាចទូទាត់យ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ចំណែកឯ សក្តានុពលទៅលើ បរិយាបន្នហិរញ្ញវត្ថុ គឺតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យម និងប្រជាជនទូទៅឱ្យ ចូលរួមក្នុងបណ្តាញសេដ្ឋកិច្ចកាន់តែធំ ។ បន្ថែមពីនេះ ការទូទាត់នេះ បានធ្វើឱ្យមានការធ្វើសមាហរណកម្មក្នុងតំបន់ តាមរយៈការសម្រេច បាននូវទស្សនៈវិស័យរបស់អាស៊ាន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមករវាងសហគមន៍តាម ប្រព័ន្ធឌីជីថល។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធផលបច្ចេកទេសនោះទេ តែនេះជា ស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។ ការណ៍នេះ បានបញ្ជាក់ពីស្មារតីប្តេជ្ញា របស់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរួមចំណែកបង្កើនភាពធន់ និងបរិយាបន្ននៃកំណើន សេដ្ឋកិច្ច ដោយធានាបានថា ទោះបីជាពាណិជ្ជករប្រកបអាជីវកម្មខ្នាតតូចបំផុតនៅកម្ពុជា ឬ ម៉ាឡេស៊ី ក៏ដោយ ក៏អាចមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាសកលបានផងដែរ៕

