
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៤ មីនាកន្លងទៅ បានប្រកាសបង្កើតគណៈកម្មការអន្តរក្រសួង រៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១១-១២ ខែមេសាខាងមុខ ដោយសម្ដេច គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជាប្រធាន។ក្នុងព្រះរាជពិធីនោះ នឹងរៀបចំឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ និងជាប្រធាន សសយក ជាអនុប្រធាន បានគូសបញ្ជាក់ថា នៅខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប។
បើតាមលោក ហ៊ុន ម៉ានី កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដោយទទួលបានព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះករុណាព្រះមហាក្សត្រទ្រង់គង់ប្រថាប់ជាព្រះរាជាធិបតីក្នុងព្រះរាជពិធីដោយផ្ទាល់។លោក បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ទូទាំងព្រះនគរ តាំងចិត្តជ្រះថ្លាចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណចក្រកម្ពុជាដ៏មានឫទ្ធីចេស្តារគ្រប់ព្រះអង្គយាងប្រោះព្រុំថែរក្សាព្រះរាជាណចក្រកម្ពុជា និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រជានុរាស្រ្តគ្រប់ខេត្តខណ្ឌបូរី នូវសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរគ្រប់ប្រការ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការអន្តរក្រសួងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១១-១២ ខែមេសាខាងមុខ។ គណៈកម្មការអន្តរក្រសួងមានតួនាទី ដឹកនាំ រៀបចំ ចាត់ចែង សម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីប្រព្រឹត្តិទៅបានល្អ រៀបចំការពារសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងធានាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ មុន-ក្រោយពេលប្រារព្ធ ព្រះរាជពិធី៕