
តាកែវ៖ បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នឹងចូលមកដល់នៅចុងខែមីនានេះ ដោយមានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា។ឆ្នាំ២០២៥នេះ ខេត្តតាកែវ គឺទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យនេះ ហើយបច្ចុប្បន្នអាជ្ញាធរទាំងមូលកំពុងតែមមាញឹកតុបតែងទីក្រុងដូនកែវ និង តំបន់នានា ដើម្បីទទួលទេសចរទៅលេងកម្សាន្ត។
បើគ្មានអ្វីប្រែប្រួលនោះទេ «បុណ្យទន្លេលើកទី៩»ឆ្នាំ២០២៥នឹងចាប់ផ្តើម នៅថ្ងៃទី ២១-២២-២៣ ខែមិនាខាងមុខនេះ នៅទីរួមក្រុងខេត្តតាកែវ។បច្ចុប្បន្ន អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលផ្ទាល់សកម្មភាពគ្រឿងចក្រ កាយ ស្មៅត្រឹប ចេញពីផ្ទៃបឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ឆ្នាំ២០២៥ ដែលខេត្តតាកែវ ធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ី សំណាង រអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកកម្សាន្ត លំហែរ នៅសួនច្បារមាត់បឹងតាកែវ ដែលជាទីតាំងប្រារពពិធីបុណ្យទន្លេ កុំបោះសំរាមចោលពាសវាលពាសកាល វិចខ្ចប់ទុកដាក់អោយបានល្អ ក្រោយពេលបរិភោគរួចរាល់ ហើយប្រសិនជានៅតែបន្តការបោះសំរាមអត់សណ្ដាប់ធ្នាប់មិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធ ហើយនៅពេលអាជ្ញាធរចាប់បានយើងនឹងធ្វើការផាកពិន័យ ។
គួបញ្ជាក់ នៅក្នុងពិធីរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នេះ ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ បានរៀបចំនូវព្រឹត្តិការណ៍ជាច្រើន ហើយក្នុងនោះក៏មានដែរ ចំកីឡា ១០ប្រភេទ សម្រាប់អោយមហាជនចូលរួមលេងកម្សាន្ត រួមមាន៖ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ។ កីឡា រត់កម្សាន្តមហាជន ៥០០នាក់ កីឡា អុកចត្រង្គ មហាជនកីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក ការបង្ហោះគោមរួមគ្នា ៥០០គោម កីឡា គុនខ្មែរ ជាដើម។
បើតាមក្រសួងទេសចរណ៍ «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង៕