ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិន បានបំផុសបំផលឱ្យប្រជាពលរដ្ឋសែស្រឡាយចិន និងជនជាតិចិនដែលកំពុងធ្វើការរកស៊ីនៅក្នុងប្រទេសកម្ពុជា ចូលរួមបរិច្ចាគថវិកា ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារបញ្ហាទឹកជំនន់ ខណៈដែលគិតត្រឹមថ្ងៃទី ២១ ខែតុលានេះ សមាគមសម្ព័ន្ធខ្មែរ-ចិន ទទួលបានប្រាក់បរិច្ចាគជួយសង្គ្រោះដល់ប្រជាពលរដ្ឋបានជាង១៤ម៉ឺន៥ពាន់ដុល្លារ។
ថ្លែងក្នុងកម្មវិធីអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ហើយប្រជាពលរដ្ឋសែស្រឡាញចិន និងជនជាតិចិន បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលអ្នកឧកញ៉ាពិតជាអរគុណយ៉ាងខ្លាំងចំពោះសកម្មភាពនេះ។
អ្នកឧកញ៉ា ពុង ឃាវសែ បានសន្យាថា នឹងបញ្ជូនថវិកា ក៏ដូចសម្ភារៈដល់ដៃជនរងគ្រោះដោយគ្រោះមហន្តរាយ ដើម្បីជួយសម្រាលនូវតម្រូវការបន្ទាន់របស់ពួកគេ និងជួយដល់ជនរងគ្រោះជំនន់លើការលំបាក។អ្នកឧកញ៉ា វាយតម្លៃខ្ពស់ចំពោះសកម្មភាពជួយសង្គ្រោះគ្រោះមហន្តរាយនេះដែលបង្ហាញយ៉ាងពេញលេញនូវស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់ចិនទាំងក្នុងនិងក្រៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែតុលានេះ ក្រុមហ៊ុនចិន និងសមាគមចំនួន៦បានប្រគល់ថវិកាតាមរយៈសមាគមសម្ព័ន្ធខ្មែរ-ចិន។ នៅចំពោះមុខនេះ សមាគមសម្ព័ន្ធខ្មែរ-ចិន បានដាក់គោលដៅរបស់ខ្លួនក្នុងការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងខ្វះខាតខ្លាំងទៅកាន់បីកន្លែង គឺទី១នៅខេត្តកំពង់ស្ពឺ ទី២នៅបន្ទាយស្រី ក្នុងខេត្តសៀមរាប ទី៣នៅឧត្តរមានជ័យ និងបន្ទាយមានជ័យ។
លោកឧកញ៉ា ដួង តិច ប្រធានយុវជនសមាគមសម្ព័ន្ធខ្មែរ-ចិន បានលើកឡើងថា សមាគមសម្ព័ន្ធខ្មែរ-ចិន និងក្រុមហ៊ុនចិន បានមកប្រកបអាជីវកម្មនៅកម្ពុជាជាច្រើន និងបានចូលរួមបរិច្ចាកថវិកាតាមរយៈសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលនេះឆ្លុះបញ្ជាក់ឲ្យឃើញពីទឹកចិត្តស្រឡាញ់ និង ចេះជួយទុក្ខលំបាក។
លោកឧកញ៉ា ដួង តិច បានចាត់ទុក កាយវិការបស់ក្រុមហ៊ុនចិនចូលរួមបរិច្ចាកអំណោយ និងឧបត្ថម្ភថវិកាដល់ពលរដ្ឋដែលរងគ្រោះទឹកជំនន់ គឺជាកិច្ចការមួយដ៏ល្អប្រសើរ ដែលចេះជួយគ្នានៅពេលដែលមានអាសន្ន មិនថានៅទីជិត ឬទីឆ្ងាយ ហើយថវិកានិងអំណោយទាំងអស់នេះ នឹងចែកជូនដល់ប្រជាពលរដ្ឋខ្មែរ ដោយខាងសមាគមសម្ព័ន្ធខ្មែរ-ចិន សហការជាមួយអជ្ញាធរផ្ទាល់ ក្នុងការដឺកនាំក្រុមយុវជនជាមួយនឹងអនុប្រធានចូលរួមចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តាខេត្ត ស្រុកដែលរងផលប៉ះពាល់នៃគ្រោះទឹកជំនន់៕