
ប៊ែរឡាំង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ និងរដ្ឋមន្រ្តីទេសចរណ៍ឥណ្ឌូនេស៊ី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យទេសចរណ៍ជាមួយកម្ពុជា។ ជំនួបរវាងភាគីទាំងបី ត្រូវបានធ្វើឡើងក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 បានជួបពិភាក្សាជាមួយលោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ។
រីឯនៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិដដែលនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយលោកស្រី Widiyanti Putri Wardhana រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី ដើម្បីពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យទេសចរណ៍រវាងកម្ពុជា-ឥណ្ឌូនេស៊ី៕



