
ភ្នំពេញ៖ ជើងហោះហើរអន្តរជាតិចំនួន២ បានប្រកាសពីផែនការក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីពង្រីកគោលដៅបន្ថែម និង បើកដំណើរការហោះហើរត្រង់មកប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។ដំណឹងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាការរីកចម្រើនបន្ថែមទៀតសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា ដើម្បីជំរុញផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និង ការវិនិយោគជាដើម។
ជើងហោះហើរអន្តរជាតិចំនួន២ ដែលគ្រោងពង្រីកគោលដៅហោះហើរ និង ហោះហើរត្រង់មកកម្ពុជា មានជាអាទិ៍ ជើងហោះហើរតួគីអ៊ែរឡាញ នឹងចាប់ដំណើរការត្រង់មកកម្ពុជា នៅចុងឆ្នាំ២០២៥ និង ២/ ជើងហោះហើរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានពង្រីកចំនួនហោះហើរ និង គោលដៅបន្ថែមមកកាន់កម្ពុជាដែរ។
បើតាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងផែនការជំរុញបើកចំហជើងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និង ប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបន្តពង្រីក និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា។ជាលទ្ធផលថ្មីៗដែលសម្រេចបាន គឺជើងហោះហើរ តួកីអ៊ែរឡាញ នឹងបើកការហោះហើរពីទីក្រុងអ៉ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ។ ចំណែក អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានជំរុញ និងពង្រីកការហោះហើរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០២៥។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កំណើន ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋ បាលពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ ក្នុងឆ្នាំ២០២៤ កម្ពុជា បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញនិងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និង ការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។
ក្នុងឆ្នាំ២០២៥ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និង អន្តរជាតិចំនួន៣១ កំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។ បើប្រៀបធៀបចុងឆ្នាំ២០២៤ និង ដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements) មានការកើនឡើងប្រមាណជាង ៦០ជើងក្នុងមួយសប្តាហ៍។
ក្នុងឆ្នាំ២០២៥នេះ កម្ពុជា ក៏រំពឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មី ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines (ពីប្រទេសឥណ្ឌា) Etihad Airways (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) និង Turkish Airlines (ពីប្រទេសតួកគី) ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) ទៅកាន់ខេត្តសៀមរាប៕


