
ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារ និងស្តាប់បទបង្ហាញអំពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោង«សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ - ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល» ដោយក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង«សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ - ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល» ដែលត្រូវបានសហការសិក្សាដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering។ តាមរយៈបទបង្ហាញនេះ អ្នកជំនាញបានជម្រាបអំពីព័ត៌មាន ជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន, បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការធ្វើប្រព្រឹត្តកម្មសំណល់រឹង និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្ត។
គួរបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរបានសហការសិក្សាគម្រោងនេះឡើងជាមួយវត្ថុបំណង រួមមាន៖ (១)បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ទៅជាអគ្គិសនី, (២)បង្កើនអាយុកាលនៃទីលានចាក់សំរាម, (៣) លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ, (៤) លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណល់រឹង ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង (៥) ពង្រឹងការគ្រប់គ្រងថ្លៃដើមក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង៕

