
ភ្នំពេញ៖ ក្រុមអ្នកធុរកិច្ចអាម៉េរិកប្រមាណជា២០ក្រុមហ៊ុន បានរៀបចំដំណើរទស្សកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ។ទស្សនកិច្ចនោះ ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានបានជួបប្រជុំជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមអ្នកធុរជន និងមន្ត្រីភាគីពាក់ព័ន្ធ ដែលមានជំនួបពិភាក្សាការងារសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជា មកពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ១៣ក្រុមហ៊ុន ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និង សមាសភាពធុរជនជាតំណាងធុរកិច្ចពីសហរដ្ឋអាម៉េរិកប្រមាណ ២០ក្រុមហ៊ុន មកពីចម្រុះវិស័យ ដូចជា កសិកម្ម, អប់រំ, ដឹកជញ្ជូននិងភស្តភារ, ថាមពល, បច្ចេកវិទ្យាព័ត៌មាន, ទេសចរណ៍និងបដិសណ្ឋារកិច្ច, សេវាកម្មច្បាប់និងពន្ធដារ, សុខាភិបាល, ធនាគារនិងហិរញ្ញវត្ថុ, ធនារ៉ាប់រង, អចលនទ្រព្យ, សំណង់, វិស្វកម្ម, អាហារនិងភេសជ្ជៈ ។ល។
លោក ស៊ុន ចាន់ថុល ក្នុងនាមជាម្ចាស់ផ្ទះ បានជម្រាបទៅកាន់គណៈប្រតិភូធុរជន អំពីដំណើរអភិវឌ្ឍន៍ជាបន្តបន្ទាប់ឥតឈប់ឈររបស់កម្ពុជា ជាមួយនឹងគោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។សម្រាប់លោក ចាន់ថុល កម្ពុជាកំពុងបន្តខិតខំជំរុញការកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេស ការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) សម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និង គ្រប់ពេលវេលាតាមរយៈប្រព័ន្ធអ៊ីនធឺណេត។
ចំណែក អ្នកឧកញ៉ា ហ៊ុន ឡាក់ ជម្រាបជូន គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា នូវបេសកកម្ម និងតួនាទីស្នូលរបស់សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតំណាងឱ្យវិស័យឯកជននៅកម្ពុជា ប្រមូលផ្ដុំដោយសមាជិកសុទ្ធសឹងតែជាធុរជន និងពាណិជ្ជករដ៏មានសក្តានុពល ហើយកំពុងតែវិនិយោគលើពហុវិស័យដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
ក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូធុរជនក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងភាគីទាំងពីរ៕