Cctime 6monthsfree desktop
Cc times  web banner kh

ធនាគារ អេស៊ីលីដា ទទួលបានការអនុញ្ញាតឱ្យធ្វើជាអន្តរការីមូលបត្ររដ្ឋ ដែលធ្វើឱ្យសាធារណជន ងាយស្រួលទិញមូលបត្ររដ្ឋតាមរយៈអេស៊ីលីដា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ទទួលបានការអនុញ្ញាតពនិយ័តករមូលបត្រកម្ពុជា ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុងវិស័យមូលបត្រ ដើម្បីផ្តល់សេវាកម្មនេះជូនដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសដែលមានបំណងវិនិយោគ និង/ឬជួញដូរ មូលបត្ររដ្ឋនៅកម្ពុជា តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា និយ័តករមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី រៀបចំ "ពិធីប្រកាសជាផ្លូវការការទទួលបានការអនុញ្ញាតធ្វើជាអន្តរការីមូលបត្ររដ្ឋរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសិក្ខាសាលា ស្តីពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលត្រូវបានអនុញ្ញាតឱ្យធ្វើជាអន្តរការីមូលបត្ររដ្ឋ ។ មូលបត្ររដ្ឋគឺជាឧបករណ៍ហិរញ្ញវត្ថុមួយដែលមានសារៈសម្រាប់បម្រើដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុក ក្រៅស្រុក និងពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ លោកលើកទឹកចិត្តដល់សាធារណៈវិនិយោគលើមូលបត្ររដ្ឋ ព្រោះមានសុវត្ថិភាព និងមានការទូទាត់សង់ទៀងទាត់ ហើយរដ្ឋក៏ទទួលបានថវិកាសម្រាប់វិនិយោគសាធារណៈផ្សេងៗ។

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុងវិស័យមូលបត្រ ដើម្បីផ្តល់សេវាកម្មនេះជូនដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេសដែលមានបំណងវិនិយោគ និង/ឬជួញដូរមូលបត្ររដ្ឋនៅកម្ពុជា តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាជម្រើសនៃការវិនិយោគមួយបន្ថែមទៀតប្រកបដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍។ លើសពីនេះ ការវិនិយោគលើមូលបត្ររដ្ឋជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ។

នាឱកាសដ៏មានសារៈសំខាន់នេះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា និយ័តករមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី រៀបចំសិក្ខាសាលាស្តីពី «សក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ» ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការវិនិយោគលើមូលបត្ររដ្ឋ។ តាមរយៈសិក្ខាសាលានេះ វិនិយោគិន អតិថិជន និងសាធារណជន នឹងទទួលបាននូវចំណេះដឹងអំពីការវិនិយោគលើមូលបត្ររដ្ឋ ដោយមានវាគ្មិន ដែលជាថ្នាក់ដឹកនាំតំណាងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ អេស៊ីលីដា ភីអិលស៊ី។

គួរបញ្ជាក់ថា ពិធីប្រកាសជាផ្លូវការ និងសិក្ខាសាលានេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករង នៃ អគ្គនាយកដ្ឋានប្រតិបត្តិការ ធនាគារជាតិ នៃ កម្ពុជា លោក ឃឹម ហ្វាដាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងតំណាងក្រសួង-ស្ថាប័នជាច្រើនរូប៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង