Cctime 6monthsfree desktop
Cc times  web banner kh

ក្រុមមន្ត្រីជំនាញប្រជុំពិនិត្យ«ផ្តល់វិញ្ញាបនប័ត្រ»ជូនអាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីបើកដំណើរការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមមន្ត្រីជំនាញប្រជុំពិនិត្យ«ផ្តល់វិញ្ញាបនប័ត្រ»ជូនអាកាសយានដ្ឋានអន្តរជាតិតេជោ។

កណ្តាល៖ ក្រុមអ្នកជំនាញដឹកនាំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា នៅថ្ងៃទី ២៨ កុម្ភៈនេះ បានបើកកិច្ចប្រជុំពិសេសមួយជាមួយភាគីពាក់ព័ន្ធនានា ដើម្បីពិនិត្យពីវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ជាពិសេស គឺពិនិត្យលក្ខណៈបច្ចេកទេសនានាឈានទៅដល់ផ្តល់វិញ្ញាបនប័ត្រជាផ្លូវការជូនអាកាសយានដ្ឋានដ៏ធំរបស់កម្ពុជានេះ ដើម្បីបើកដំណើរការ ក្នុងដំណាកកាលទី១ នៅក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។

ដូចការគ្រោងទុកកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដឹកនាំដោយ លោក សយ សុខាន់ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា ដោយមានភាគីពាក់ព័ន្ធចូលរួមតាមវិស័យនានាមានជាអាទិ៍ ប៉ូលិស​អន្តោ​ប្រវេសន៍​ នគរបាល អគ្គនាយកដ្ឋានគយ ផ្នែកសុខាភិបាល មន្ត្រីផ្នែកកសិកម្ម និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ក្រោយចប់កិច្ចប្រជុំ លោក សយ សុខាន់ បានគូសបញ្ជាក់ថា គិតមកដល់ថ្ងៃទី ២៨ កុម្ភៈនេះ ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រមានជាង៩៤ភាគរយ ហើយការរៀបចំទីតាំងបញ្ជរ និង ប្រព័ន្ធ System គឺបានរៀបចំរួចរាល់ហើយ សម្រាប់ត្រៀមដំណើរការនៅក្នុងខែកក្កដាខាងមុខនេះ។

បើតាមលោក សយ សុខាន់ ការងារដែលសំខាន់ក្នុងពេលបច្ចុប្បន្ននេះ ក្រុមមន្ត្រីជំនាញនៃអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងចាប់ផ្តើមចុះ ពិនិត្យវាយតម្លៃ ដើម្បី«ផ្តល់វិញ្ញាបនប័ត្រ»ជូន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលការងារចុះវាយតម្លៃនេះចាប់ផ្តើមក្នុងខែមីនា ហើយគ្រោងបញ្ចប់រួចរាល់ ក្នុងខែឧសភា ឆ្នាំ២០២៥។ចំណែកការងារនៅសេសសល់ គឺរចនាសម្ព័ន្ធគ្រប់គ្រង និង ធនធានមនុស្ស ដែលត្រូវដោះស្រាយបន្ត។

ទាក់ទងនឹងការផ្ទេរការងារផ្សេងៗពី ព្រលានចាស់មក អាកាសយានដ្ឋានអន្តរជាតិតេជោ លោក សយ សុខាន់ បានសង្កត់ធ្ងន់ថា អាចនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា ហើយព្រលានចាស់នឹងត្រូវបិទទ្វាទាំងស្រុងដូចការផ្តាស់ប្តូរនៅខេត្តសៀមរាបជាគំរូ។ចំណែកក្រុមហ៊ុនបើកដំណើរការហោះហើរក្នុងព្រលានចាស់ទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ ចំនួន៣៤ក្រុមហ៊ុន គឺនៅរក្សាការហោះហើរដដែល សម្រាប់ព្រលានថ្មី និងថែមពីនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា បានទទួលការស្នើសុំពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដើម្បីភ្ជាប់ជើងហោះហើរ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ៕




ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង