
បន្ទាយមានជ័យ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែននៅថ្ងៃទី២១ ខែតុលាឆ្នាំ ២០២០នេះ បានព្រមានទុកជាមុនចំពោះអ្នកដែលមានគម្រោងរៀបចំតវ៉ានៅមុខស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៣តុលា ខាងមុខនេះ។
ថ្លែងក្នុងពេលចែកអំណោយដល់ប្រជាពលរដ្ឋជាង១ ម៉ឺនគ្រួសារនៅខេត្តបន្ទាយមានជ័យ សម្តេចហ៊ុន សែន បានប្រកាសឲ្យក្រុមអ្នកតវ៉ាមានការប្រយ័ត្នប្រយែងមែនទែន ខណៈដែលរដ្ឋាភិបាលកំពុងតែជាប់ដៃប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ដូចជាបញ្ហាជំនន់ទឹកភ្លៀង។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា "វាជិតដល់ថ្ងៃទី ២៣តុលា មានគេចង់ធ្វើបាតុកម្ម ខ្ញុំសូមផ្ដាំអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថាន ទូតចិន នៅទីក្រុងភ្នំពេញប្រយ័ត្នប្រយែងគេកំពុងតែទឹកលិចណាកុំមករញ៉េរញ៉ៃ វើយប្រាប់ហើយ និយាយគ្នាស្ដាប់ឱ្យបាន"។
សម្តេចហ៊ុន សែន បានថ្លែងថា មុខសញ្ញាអ្នករៀបចំគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតចិន ត្រូវបានរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងបានហើយ ហើយរបាយការណ៍ប្រជុំគ្រោងធ្វើបាតុកម្មក៏បានផ្ញើមកឲ្យរដ្ឋាភិបាលផងដែរ។
សម្តេចហ៊ុន សែន បានសង្កត់ធ្ងន់ថា នៅក្នុងកាលៈទេសៈពេលនេះ រដ្ឋាភិបាលត្រូវការកម្លាំងទាំងអស់ដើម្បីចូលរួមជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែបញ្ហាជំនន់ទឹកភ្លៀង ដូច្នេះការតវ៉ាណាមួយនៅក្នុងថ្ងៃទី២៣តុលាសម្តេចប្រកាសព្រមានទុកជាមុន៕
