
ភ្នំពេញ៖ក្រសួងព័ត៌មានបានប្រកាសសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម បញ្ឈប់ «ការធ្វើវីដេអូលេងសើច (Prank) ជាបន្ទាន់» ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។
ក្រសួងព័ត៌មាន បានលើកឡើងថា មួយរយៈចុងក្រោយ កត់សម្គាល់ឃើញថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។
ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មាន ធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួន ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។ ក្រសួងបានចាត់ទុកថា ទង្វើបែបនេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាទេ ប៉ុន្តែជាការ បង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ខ្វះការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និង ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសីលធម៌សង្គម។
បើតាមក្រសួងព័ត៌មានបានឱ្យដឹងបន្តទៀតថា ការផលិតមាតិកាបែបលេងសើច (Prank) បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នកដទៃ និងមិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ជាការបំពាន ច្បាប់ និងអាចជាកម្មវត្ថុនៃបណ្តឹងរបស់អ្នកដែលទទួលរងផលប៉ះពាល់។
បន្ថែមពីនេះ ក្រសួងសូមអំពាវនាវសាធារណជនកុំចែករំលែកបន្តនូវខ្លឹមសារដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្តី ថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំង អស់គ្នា។
ជាចុងក្រោយទន្ទឹមនេះ ក្រសួងនឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។ ក្រសួងព័ត៌មានសូមលើកទឹកចិត្ត ឱ្យអ្នកផលិតមាតិកាតាមបណ្តាញទំនាក់ទំនងសង្គមគោរពក្រមសីលធម៌ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងគោរព សិទ្ធិអ្នកដទៃ និងផ្តល់ព័ត៌មានពិត និងត្រឹមត្រូវជូនដល់សាធារណជន៕
