
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយមានលក្ខណៈស្រួចស្រាលក្នុងបរិបទនៃការវិវត្តនៃបច្ចេកវិទ្យា និងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលប្រទេសកម្ពុជាកំពុងសម្របខ្លួនទៅនឹងការវិវត្តដ៏លឿននេះ ស្របពេលឥទ្ធិពលនៃសង្គមឌីជីថល និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានកើនឡើង។
បើតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានអ្នកប្រើប្រាស់សកម្មលើបណ្តាញទំនាក់ទំនងសង្គមសរុបចំនួនប្រមាណជាង ១២ លាននាក់ គឺស្មើនឹងប្រមាណជា ៦៨ភាគរយនៃចំនួនប្រជាជនសរុប។ ការណ៍នេះ បានធ្វើឱ្យការសាយភាយព័ត៌មានក្លែងក្លាយ មានសន្ទុះខ្លាំងក្លាឡើង តាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គម។ អាស្រ័យហេតុនេះ លោកបានអំពាវនាវថា៖ «យើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់លើឥទ្ធិពលដែលកើតចេញពីទំនោរនៃការប្រើប្រាស់ និងទំនោរចែកចាយព័ត៌មានបែបថ្មីនេះ!» ។
បន្ថែមពីនេះ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍បន្តថា៖ «ពេលនេះជាពេលវេលាសំខាន់ជាងពេលណាៗទាំងអស់ដែលយើងចាំបាច់ណាស់ត្រូវរួមគ្នាធ្វើសកម្មភាពទប់ទល់នឹងការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ដោយផ្តោតលើយន្តការសមស្រប និងសហការរិះរកមធ្យោបាយនានា ដើម្បីឆ្លើយតបតាមគ្រប់រូបភាព ក្នុងនោះយុទ្ធនាផ្សព្វផ្សាយនិងអប់រំ ការជំរុញកំណើនផ្នែកអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ សុទ្ធសឹងជាការងារចាំបាច់ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកប្រើប្រាស់ជាពិសេស ចាំបាច់ណាស់ចូលរួមដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ»។
លោកបានមានប្រសាសន៍បន្ថែមដោយបានសង្កត់ធ្ងន់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សានានា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម។ មិនតែប៉ុណ្ណោះ ព័ត៌មានក្លែងក្លាយអាចបង្កផលវិបាកនានារហូតបណ្តាលឱ្យមានព្យសនកម្មដែលមិនអាចនឹកស្មានដល់ និងបង្កមហន្តរាយដល់ប្រយោជន៍សាធារណៈ និងសង្គមជាតិទាំងមូល។
«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺជាយុទ្ធនាការជាសាធារណៈ ដែលក្រសួងព័ត៌មាននឹងដឹកនាំរៀបចំឡើង ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ពលរដ្ឋអ្នកប្រើប្រាស់ចែកចាយព័ត៌មានបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម គឺជាតួអង្គដ៏សំខាន់មួយត្រូវចូលរួម។ យុទ្ធនាការដែលក្រសួងព័ត៌មាននឹងរៀបចំនៅពេលខាងមុខនេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់រួមចំណែកកាត់បន្ថយឱ្យមកកម្រិតអប្បរមានូវព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ប្រភេទព័ត៌មានទាំងនេះពីលំហព័ត៌មានក្នុងសង្គមកម្ពុជា ដើម្បីធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
ជាចុងក្រោយ លោក ទេព អស្នារិទ្ធ បានបន្ថែមថា៖ «ពលរដ្ឋឌីជីថលល្អ គឺពលរដ្ឋដែល យល់ដឹងបានច្បាស់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន។ យើងចាំបាច់ត្រូវចូលរួមទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយទាំងនោះ ទាំងអស់គ្នា ដើម្បីរក្សាបានស្ថិរភាព សេចក្តីសុខ និងនិរន្តរភាពនៃការអភិវឌ្ឍសម្រាប់គ្រួសារនិងសង្គមជាតិយើង»។
គួរបញ្ជាក់ផងដែរថា ការធានានិងគ្រប់គ្រងសន្តិសុខព័ត៌មាន គឺជាបេសកកម្មដ៏ចំបងមួយរបស់ក្រសួងព័ត៌មាន ក្នុងការផ្តល់និងការពារសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ ប្រកបដោយសុវត្ថិភាពនិងគុណភាព ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤ បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៣,៦៥១ករណី ដែលចំនួននេះបានកើនឡើងប្រមាណជិត១៤ភាគរយ បើប្រៀបធៀបនឹងចំនួនព័ត៌មានក្លែងក្លាយកត់ត្រាទុកក្នុងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន ៣,២០៨ករណី៕