ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា អង្គសន្និបាតក្រសួងទេសចរណ៍បានស្នើសុំរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការសម្រាប់ពង្រឹងស្ថានភាពទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ខាងមុខ ដោយគោរពស្នើសុំរៀបចំកម្មវិធីលើកទឹកចិត្តសម្រាប់ជំរុញកញ្ចប់ទស្សនកិច្ចទេសចរណ៍ក្នុងស្រុក កញ្ចប់ទស្សនកិច្ចសម្រាប់សិស្ស-និស្សិត, កម្មករ-កម្មការិនី, បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុទ្ធនាការបញ្ចុះថ្លៃសេវាកម្មទេសចរណ៍។ សំណើនេះត្រូវបានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៥។
លោក ហួត ហាក់ បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងរដូវកាលបៃតងខាងមុខដែលមានរយៈពេល៣ខែ គឺចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៥ ភ្នាក់ងារទេសចរណ៍ពាក់ព័ន្ធទាំងអស់រួមមានសណ្ឋាគារ អាហារដ្ឋាន នឹងបញ្ចុះតម្លៃពី៣០% ទៅ៥០% សម្រាប់កញ្ចប់ទេសចរណ៍ក្នុងស្រុក,កញ្ចប់ទស្សនកិច្ចសម្រាប់សិស្ស-និស្សិត, កម្មករ-កម្មការិនី, បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕