
ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន រៀបចំនិន្ទាការថ្មីបន្ថែមចំនួន២ ជាប្តេជ្ញាការដឹកនាំ សមាគមសិល្បករខ្មែរ អភិវឌ្ឍកាន់តែប្រសើរ ឈានដល់ការជំរុញផ្សព្វផ្សាយ ពីសិល្បៈវប្បធម៌ខ្មែរទៅលើឆាកអន្តរជាតិ។ អ្នកឧកញ៉ា បានថ្លែងក្នុងពិធីសម្ពោធការិយាល័យថ្មី សមាគមសិល្បករខ្មែរថា ក្នុងរយៈដ៏ខ្លីនេះ យើងបានបំពេញទាំងការងារសប្បុរសធម៌ អភិរក្ស អភិវឌ្ឍក្នុងវិស័យសិល្បៈ ដោយប្តេជ្ញាចិត្តយ៉ាងមុតមាំបន្ថែមទៀត ជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរទាំងលើឆាកជាតិ និងអន្តរជាតិ។
ក្នុងឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរនឹងបង្កើត ថ្នាលសិល្បៈ ដោយនឹងបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញសិល្បៈជាច្រើនទម្រង់ សម្រាប់អ្នកដែលមានបំណងចូលបម្រើវិស័យសិល្បៈ ឬស្រឡាញ់សិល្បៈ។ បន្ថែមពីនេះ នឹងមានការបង្កើត«កម្មវិធីលើកម្រាលព្រំក្រហម» ដោយដាក់ឈ្មោះថា«អ្នកស្នងមរតក» ដែលនេះជាវេទិកាជជែកដេញដោល និងជួបជុំដ៏ធំប្រចាំឆ្នាំរបស់អ្នកសិល្បៈ ដើម្បីផ្លាស់ប្តូរយោបល់ កែលម្អ ជួយគ្នា និងបង្កើនភាពស្និទស្នាលរវាងគ្នានឹងគ្នា។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានប្រកាសថា សមាគមសិល្បករខ្មែរ នឹងផ្តល់ការឧបត្ថម្ភប្រចាំខែជូនដល់សិល្បកររៀមច្បងមួយចំនួន ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាព ព្រមទាំងស្នើរសុំអាហារូបករណ៍ពីសម្តេច ដើម្បីផ្តល់ជូនដល់សិល្បករ ឬគ្រួសារអ្នកសិល្បៈ ដោយបន្តថែរក្សាការពារ អភិវឌ្ឍន៍ វិស័យសិល្បៈវប្បធម៌កម្ពុជាឱ្យកាន់តែលេចធ្លោរឡើងទាំងក្នុងតំបន់ និងពិភពលោក៕

