
ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្ត្រាលី ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន លើវិស័យសុខាភិបាល។ ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលី ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ជំនួយហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ជាពិសេសដល់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី 2 (ACCESS 2) ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ជាច្រើនមិនអាចកាត់ថ្លៃបាន ជាច្រើនទសវត្សរ៍កន្លងមក ព្រមទាំងបាននិងកំពុងជួយជាបន្តជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

លោក Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្ត្រាលី ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន លើវិស័យសុខាភិបាល និងការបន្តផ្តល់អាហាររូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា និងលើកទឹកចិត្តមន្ត្រីសុខាភិបាលផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអូស្ត្រាលីបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ទោះជាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាបានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ចំនួន ២.៣៥លានដូស ជូនប្រជាជនកម្ពុជា និងទូរទឹកកករក្សាសីតុណ្ណភាព ចំនួន១៣៣ គ្រឿង ផងដែរ។ នេះសបញ្ជាក់អំពីភាពជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការទ្វេគាគីរបស់ប្រទេសទាំងពីរ ដែលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរថា ជាទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

