
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី ២៦ កុម្ភៈម្សិលមិញ បានប្រកាសពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥” ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធ សរុបចំនួន១២៥១នាក់។ថ្លែងក្នុងកម្មវិធី បានថ្លែងពីភាពជោគជ័យនៃការទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិជិត៧លាននាក់កាលពីឆ្នាំ២០២៤ និង រំពឹងទទួលបាន«ភ្ញៀវទេសចរអន្តរជាតិ»ជាង៧លាននាក់នៅឆ្នាំ២០២៥។
នៅចំពោះមុខមន្ត្រី និង ភាគីពាក់ព័ន្ធជាង១ពាន់នាក់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំឭកថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦.៧លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបនឹងឆ្នាំ២០២៣។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ យោងតាមនិន្នាការខាងលើ និងការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ ក្រសួងរំពឹងចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងពី ៧.២ លាននាក់ទៅ ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដោយភ្ញៀវទេសចរពេញនិយមបំផុត គឺមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និង សហរដ្ឋអាម៉េរិក ព្រមទាំងប្រទេសផ្សេងទៀតក្នុងទ្វីបអឺរ៉ុប។
ការកើនឡើងនេះ ត្រូវបានក្រសួងទេសចរណ៍ លើកឡើងពីកត្តាសំខាន់មួយទៀត គឺសន្តិភាព និងសន្តិសុខ ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងបានប្តេជ្ញាចិត្តចំពោះសុវត្ថិភាពនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកដំណើរអន្តរជាតិកាន់តែច្រើនឡើងឱ្យមកកាន់ប្រទេសកម្ពុជា៕