
រដ្ឋធានីខេបថោន ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions - WFDFI) និងដោយមានការចូលរួមពីលោកអគ្គលេខាធិការរបស់សមាគមនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥នេះ។
កិច្ចប្រជុំនេះស្របពលនៃសន្និបាតហិរញ្ញវត្ថុជាសកលដោយការប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រមាណជាង ៥៣០ ស្ថាប័ន មកពីជុំវិញពិភពលោកជាសមាជិករបស់ WFDFI។
សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញពិភពលោក រួមមាន៖ ទី១. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក - ADFIAP មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន(៤១ ប្រទេស), ទី២. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ អាមេរិកឡាទីន និងខារីប៊ែន - ALIDE មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ (២២ ប្រទេស)។ ទី៣. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក - AADFI មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ (៥០ ប្រទេស), ទី៤. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ជាតិនៃប្រទេសសមាជិកនៃធនាគារអភិវឌ្ឍន៍អ៉ីស្លាម - ADFIMI មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអីស្តង់ប៊ុល ប្រទេសតួគី (១៩ ប្រទេសដែលជាសមាជិកនៃធនាគារអភិវឌ្ឍន៍អីស្លាម), និងទី៥. សមាគមវិនិយោគិនរយៈពេលវែងនៃសហភាពអឺរ៉ុប- ELTI មានទីស្នាក់ការស្ថិតនៅរដ្ឋធានីប្រ៊ុចសែល ប្រទេសបែលស្ស៊ីក (បណ្តុំនៃ ៣៣ វិនិយោគិនអឺរ៉ុបដែលផ្តោតលើការវិនិយោគរយៈកាលវែងពីបណ្តា ២៣ ប្រទេសនៃសហគមអឺរ៉ុប)។
សហព័ន្ធពិភពលោកនេះតំណាងឱ្យ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព ដោយនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅជុំវិញពិភពលោក។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល WFDFI មានរបៀបវារៈមួយចំនួនពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់សហព័ន្ធ ជាពិសេសបានពិនិត្យឡើងវិញនូវតួនាទីមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចដែលរួមមាន ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ, ការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជាអន្តរជាតិ, ការលើកកម្ពស់ការវិនិយោគរយៈពេលវែង, ការផ្តល់ហិរញ្ញប្បទានក្រោមគោលនយោបាយសារពើពន្ធ (countercyclical financing), ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម, ការជំរុញលើការវិយោគក្នុងវិស័យឯកជន, ការជំរុញកំណើនសេដ្ឋកិច្ច, ការសម្របសម្រួលលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញគោលដៅយុទ្ធសាស្ត្រជាតិ, ការលើកកម្ពស់បរិយាប័ន្នសង្គម, និងការឆ្លើយតបចំពោះការបរាជ័យទីផ្សារឱ្យបានទាន់ពេល។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល WFDFI ក៏បានពិភាក្សាពីឯកសារមគ្គទេសក៍ស្តីពីតួនាទីដែលមិនអាចខ្វះបាននៃធនាគារអភិវឌ្ឍន៍របស់រដ្ឋក្នុងនម្មាបនកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សកល (National Development Banks: The Unsung Heroes of the Global Development Finance Architecture)ដើម្បីពង្រឹងតួនាទីនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងយន្តការនៃ WFDFI មានសម្លេងជាតំណាងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងសន្និបាតនៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនធំៗពី ប្រទេសចំនួនប្រាំពីរ និង ប្រទេសចំនួនម្ភៃ នៅលើពិភពលោក(G7 និង G20) និងសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (Conference of the Parties -COP)៕

.jpg?1740556045)
.jpg?1740556054)