
ភ្នំពេញ៖ រដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈចិន និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងលេងល្បែងអនឡាញ។ការប្រកាសនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សាមួយរវាងលោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈចិន និង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យោងតាមឯកអគ្គរដ្ឋទូតថ្មីចិនប្រចាំនៅកម្ពុជាលោក វ៉ាង វិនប៊ីន(Wang Wenbin) ក្នុងកិច្ចពិភាក្សាកាលពីម្សិលមិញ រដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈចិន និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន-កម្ពុជា និង ផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើការពង្រឹងបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងលេងល្បែងអនឡាញ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ជំនួបរវាងលោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈចិន និង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាការចែករំលែកពីការវិវត្តនៃបទល្មើស ដើម្បីរួមគ្នាឈានទៅដល់ការបង្ក្រាបប្រកបដោយប្រសិទ្ធផល។សម្រាបអ្នកនាំពាក្យរូបនេះ ភាគីកម្ពុជា និងចិន បានដាក់បញ្ហាក្នុងកញ្ចប់មួយដើម្បីដោះស្រាយ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕