
ភ្នំពេញ៖ កម្ពុជា និង ដាណឺម៉ាក បានជួបពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយផ្តោតជាពិសេសលើការស្វែងយល់អំពី សក្តានុពលនៃការអភិវឌ្ឍពង្រីកសមត្ថភាព និងវិសាលភាពកំពង់ផែទឹកជ្រៅរបស់កម្ពុជា។ ក្នុងជំនួបនេះ ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំកម្ពុជា នឹងធ្វើការវិភាគ និងពិនិត្យលទ្ធភាព មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគនៅកម្ពុជាក្នុងផ្នែកណាមួយនាពេលខាងមុខលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡោះងអំពីការរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ព្រមទាំងការពង្រីកសមត្ថភាព និងវិសាលភាពរបស់កំពង់ផែនៅតាមបណ្តាខេត្តជាប់សមុទ្រ មានជាអាទិ៍ ខេត្តព្រះសីហនុ កំពត និងកោះកុង ដែលទាំងអស់នោះបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលតាំងពីនីតិកាលមុនៗ រហូតមកដល់បច្ចុប្បន្ន ពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្រ្ត និងការដាក់ចេញនូវគោលនយោបាយនានា។

បន្ថែមពីនេះ លោក ស៊ុន ចាន់ថុល បានរំលេចអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមលើកកម្ពស់ភាពប្រទាក់ក្រឡាក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាពសម្បូរបែប និងមានភាពប្រកួតប្រជែងខ្ពស់។
ទន្ទឹមនឹងនេះ គណៈប្រតិភូអមដំណើរឯកអគ្គរាជទូត ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទាំងនេះ ជាមួយនឹងសមិទ្ធផលជារូបវ័ន្តដែលកើនឡើងគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ តាមរយៈព័ត៌មានយ៉ាងក្បោះក្បាយក្នុងជំនួបពិភាក្សានាព្រឹកនេះដែរ គណៈប្រតិភូនឹងនាំយកជាមូលដ្ឋានបន្ថែមក្នុងការវិភាគ ពិនិត្យលទ្ធភាព មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគក្នុងផ្នែកណាមួយនាពេលខាងមុខ។
ជាចុងក្រោយ ភាគីាទាំងពីរបានសម្តែងនូវសុឆន្ទៈរួមក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពការទូតរវាងព្រះរាជាណាចក្រទាំងពីរ(កម្ពុជា-ដាណឺម៉ាក) ឱ្យកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមមួយកម្រិតទៀត៕


