Cctime 6monthsfree desktop
Cc times  web banner kh

រដ្ឋមន្រ្តីកសិកម្មម៉ាឡេស៊ីចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការនៅក្នុងទីផ្សាររបស់ខ្លួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ ភាគីម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសម៉ាឡេស៊ី ដែលកំពុងមានការខ្វះខាត។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤កុម្ភៈកន្លងទៅនេះ។

នាឱកាសនោះ លោក Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី បានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ក្នុងនោះ បញ្ហាសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី ជាគោលដៅសំខាន់ ដោយភាគីម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសម៉ាឡេស៊ី និងបានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ឌិត ទីណា បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំនុចបំពេញឱ្យគ្នាច្រើនទៅវិញទៅមក ដោយប្រទេសកម្ពុជាមានសក្ដានុពលលើការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេស៊ី មានតម្រូវការ។ ដូចនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេស៊ីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូជា របាំងអនាម័យ ភូតគាមអនាម័យ ដើម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេលម៉ាឡេស៊ី។ ជាមួយគ្នានេះដែរ លោក ឌិត ទីណា បានសាទរដល់ប្រទេសម៉ាឡេស៊ី ដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់។

ជាចុងក្រោយ រដ្ឋមន្ដ្រីកសិកម្មនៃប្រទេសទាំងពីរ បានឯកភាពលើកកម្ពស់កសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សំដៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយប្រទេសកម្ពុជាមានទីផ្សារស្រូវអង្ករ ហើយប្រទេសម៉ាឡេស៊ីទទួលបានសន្តិសុខស្បៀង មានហូបគ្រប់គ្រាន់ ទាំងអង្ករ និងត្រី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង