
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៥ កុម្ភៈនេះ បានប្រកាស ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ២ឆ្នាំ៧ខែម្នាក់ នៅភូមិតាង៉ក ស្រុកព្រះស្តេច ខេត្តព្រៃវែង។កុមារាម្នាក់នេះ បានបាត់បង់ជីវិតនៅថ្ងៃទី ២៥ កុម្ភៈ ២០២៥ ដោយសារឪពុកម្តាយទើបតែបាននាំមកមន្ទីរពេទ្យ បណ្តាលឱ្យកុមារាមានស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និង ពិបាកដង្ហើម។
បើតាមក្រសួងសុខាភិបាល ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និង មានមាន់ងាប់ប្រហែល១៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយកុមារាបានដេក និងលេងនៅក្រោមផ្ទះជិតទ្រុងមាន់។បច្ចុប្បន្នក្រសួងសុខាភិបាលកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តស្វែងរកប្រភព ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅសហគមន៍ និងបានចែកថ្នាំការពារដល់អ្នកប៉ះពាល់ជិតស្និទ្ធ និង អប់រំប្រជាពលរដ្ឋពីវិធីសាស្ត្រការពារជំងឺនេះ៕
