
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ប្រកាសថា នឹងដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ក្នុងសប្តាហ៍នេះ ។ការដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ នាពេលនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា លើកឡើងថា ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ។
លោកជំទាវជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា (NBC) បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ថា ការប្រកាសដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះមានកម្រិតទាបក៏ដោយ។
បើតាមលោកជំទាវ ជាក់ស្តែង អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០ នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។ ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែកក្សាស្ថិរភាពថ្លៃអោយនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន៥០ លានដុល្លារអាមេរិក។
លោកជំទាវបានសង្គត់ធ្ងន់ថា ការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកនេះនឹងមានការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់៕
