.jpg?1740454369)
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាហាមឃាតក្នុងការលក់ និងប្រើប្រាស់ថ្នាំជំនួយផ្លូវភេទ ២មុខ ដែលមានផ្ទុកសារធាតុ Sildenafil អាចប៉ះពាល់ធ្ងន់ធ្ងររហូតអាចបាត់បង់អាយុជីវិត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
បើតាមការស្រាវជ្រាវរបស់ភ្នាក់ងារត្រួតពិនិត្យឱសថ និងលទ្ធផលរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានរកឃើញថា ផលិតផលចំនួន០២មុខ ឈ្មោះ SUPER XL និង AMOUR មានផ្ទុកសារធាតុ Sildenafil ដែលជាឱសថប្រើសម្រាប់វិបត្តិសរីរាង្គភេទបុរស។ ថ្នាំនេះ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បេះដូង និងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
បន្ថែមពីនេះ ក្រសួងសុខាភិបាលបានក្រើនរម្លឹកថា រាល់ផលិតផលជំនួញផ្លូវភេទ គ្រប់ប្រភេទ ដែលកំពុងផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ គឺពុំមានការអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយពីក្រសួងសុខាភិបាលនោះទេ ហើយតាមការស្រាវជ្រាវកន្លងមកភាគច្រើន នៃផលិតផលទាំងនោះមិនមែនជាផលិតផលបំប៉នសុខភាពនោះទេ គឺជាទូទៅមានដាក់សារធាតុឱសថសម័យ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អ្នកប្រើប្រាស់ ឬឈានដល់បាត់បង់អាយុជីវិត។

គួរបញ្ជាក់ថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមក មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បានចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២កន្លែង ស្ថិតនៅរាជធានីភ្នំពេញ ដោយបានកសាងសំណុំរឿងបញ្ជូនជនពាក់ព័ន្ធទៅតុលាការតាមនីតិវិធីផងដែរ៕