
រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្សារមូលបត្រកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយ មូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការគ្នារៀបចំ "ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី"។ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិ នៃ កម្ពុជា បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី តំណាងស្ថាប័ន និងភ្ញៀវជាច្រើនរូប។
ថ្ងៃនេះជាថ្ងៃចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ តាមរយៈការធ្វើបរិវិសកម្មលើកទីមួយរបស់វិនិយោគិនគុណវុឌ្ឍិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលទទួលបានទឹកប្រាក់រហូតដល់ ៣៤៣.៣៥០.០០០.០០០រៀល សមមូលជាប្រាក់ដុល្លារស្មើនឹង ៨៥.៨៣៧.៥០០ ដុល្លារអាមេរិក ជាលទ្ធផលជោគជ័យ ដែលធនាគារ អេស៊ីលីដា ទទួល បានទំនុកចិត្ត និងការជឿជាក់ពីសំណាក់វិនិយោគិនលើសពីការរំពឹងទុក។
ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា នឹងជូនដំណឹងដល់វិនិយោគិន និងសាធារណជន អំពីការធ្វើបរិវិសកម្មទៅលើចំនួនសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទីពីរ នាពេលបន្ទាប់។

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "ខ្ញុំបាទជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ និងផ្តល់ឱ្យវិនិយោគិន និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា។ បន្ថែមពីនេះ ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើន និងអភិវឌ្ឍទីផ្សារមូលធននៅព្រះរាជាណាចក្រកម្ពុជា និងជាយន្តការថ្មី សម្រាប់ការកៀរគរប្រភពទុនក្នុងស្រុក សម្រាប់គាំទ្រអតិថិជន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម។ សញ្ញាបណ្ណបន្ទាប់បន្សំនេះផងដែរ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន"។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤៩លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួនជាង ៤,២២ លាននាក់។






