
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងចូលរួមសន្និបាតG20 និងសន្និបាតហិរញ្ញវត្ថុជាសាកល (FiCS) ឆ្នាំ២០២៥ផ្តោតលើប្រធានបទស្តីពី ß ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញ-វត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព។
លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា តាមរយៈសន្និបាតនេះ លោកបណ្ឌិតនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុសកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។
លោកបណ្ឌិតបន្ថែមថា សន្និបាតនេះនឹងពិនិត្យលើបញ្ហាប្រឈមសំខាន់ៗតាមរយៈសសរស្តម្ភចំនួនបី រួមមាន៖ ទី១. បរិយាប័ន្នហិរញ្ញវត្ថុ សំដៅដល់ការលើកកម្ពស់កំណើនប្រកបដោយចីរភាព, និងការកាត់បន្ថយវិសមភាព តាមរយៈគំរូហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍, ទី២. បរិវត្តកម្មឌីជីថល សំដៅដល់ការបែងចែកឌីជីថលឱ្យមានលក្ខណៈសមធម៌ និងបរិយាប័ន្ន ដើម្បីធានាថាគ្មានអ្នកណាម្នាក់ត្រូវបានគេទុកចោល, និង ទី៣. ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ សំដៅដល់ការបង្កើនភាពធន់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៕
