
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចពង្រឹងការពិនិត្យរាល់ការនាំចូលធុរេនស្រស់មកកាន់កម្ពុជា និង ពន្លឿនសមត្ថភាពការពិសោធន៍ស្វែងរកសារធាតុគីមី ក្នុងធុរេន ក្រោយប្រទេសចិនរកឃើញសារធាតុគីមីក្នុងធុរេន ថៃ និង វៀតណាម។
បើតាមរបាយការណ៍ ស្តីពីការហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេស វៀតណាម និងថៃ របស់អាជ្ញាធរគយនៃប្រទេសចិន ក្រោយរកឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។ រាជរដ្ឋាភិបាលកម្ពុជាបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្មពង្រឹងការពិនិត្យការនាំចូល ការដាំដុះក្នុងប្រទេស និងពន្លឿនសមត្ថភាពមន្ទីរពិសោធន៍ វិភាគរកសារធាតុគីមីទាំងនេះជាប្រញាប់។

បន្ថែមពីនេះ ប្រព័ន្ធនៃការពិនិត្យរកសារធាតុគីមីនេះ នឹងត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារសុខភាពរបស់ប្រជាជនក្នុងប្រទេស៕
