
ភ្នំពេញ៖ ក្នុងរយៈពេល២ខែចុងក្រោយនេះ តម្លៃកៅស៊ូហក់ឡើងដល់១៦៤០ដុល្លារក្នុងមួយតោន ខណៈ៨ខែនេះកម្ពុជាបាននាំចេញកៅស៊ូប្រមាណ១៨ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិរួមមាន ចិន វៀតណាម ម៉ាឡេស៊ី និង សិង្ហបុរី។ នេះបើតាមការលើកឡើងរបស់លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ។
លោក ប៉ុល សុផា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា កៅស៊ូរបស់កម្ពុជាបានកើនតម្លៃខ្ពស់ដល់១៦៤០ដុល្លារក្នុងមួយតោននៅលើទីផ្សារអន្តរជាតិ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលកម្ពុជាអាចលក់បានតម្លៃត្រឹំមតែជាង១៤០០ដុល្លារក្នុងមួយតោន។ គិតត្រឹម៨ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកៅស៊ូប្រមាណ១៨ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗរួមមាន ចិន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។
បើតាមលោក ប៉ុល សុផា បានបញ្ជាក់ថា តម្លៃកៅស៊ូលើទីផ្សារអន្តរជាតិមានការកើនឡើង និងតម្រូវការខ្ពស់ដោយសារបណ្តាប្រទេសផលិតមួយចំនួនខ្វះនូវពលកម្មក្នុងការចៀរជ័រ ធ្វើឲ្យទិន្នផលនេះមានការធ្លាក់ចុះ ជាហេតុធ្វើឲ្យកៅស៊ូរបស់កម្ពុជាទទួលបានតម្លៃខ្ពស់ដែរ។
យោងតាមរបាយការពីអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូដែលស៊ីស៊ីថាមស៍ទទួលបាន បច្ចុប្បន្នផ្ទៃដីដាំដុះដំណាំកៅស៊ូនៅប្រទេសកម្ពុជាមានប្រមាណ៤១ម៉ឺនហិកតា ហើយផ្ទៃដីប្រមូលផលប្រមាណជាង២៥ម៉ឺនហិកតា។ សម្រាប់ឆ្នាំ២០២០នេះ ក្រសួងកសិកម្មរំពឹងថា លទ្ធផលនាំចេញបាន៥ម៉ឺនតោន។
លោក ប៉ុល សុផា បានអះអាងថា មានគ្រួសារដាំកៅស៊ូប្រមាណជាង៣២០០០គ្រួសារ និងកម្មករចៀរជ័រក្នុងកសិឧស្សាហកម្មមានរហូតទៅដល់ជាង១៥ម៉ឺននាក់ ដែលអាស្រ័យផលពីការដាំដំណាំកៅស៊ូ៕