ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យតំបន់«ភ្នំខ្នងផ្សារ» ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ជាដំណើរចុះពិនិត្យ ដើម្បីត្រៀមរៀបចំតំបន់នេះ ឱ្យក្លាយជាជាគោលដៅ«លំហែបៃតង សម្រាប់ប្រជាសហគមន៍»ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ បង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងដំណើរទស្សនកិច្ចនោះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយមន្ត្រីជំនាញនានារបស់ក្រសួង ធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ ជាង ៣គីឡូ និង បានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និង បន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។
ថ្លែងក្នុងដំណើរទស្សនកិច្ចនោះ លោក អ៊ាង សុផល្លែត គូសបញ្ជាក់ថា ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពលំហែបៃតងដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍។
គួរបញ្ជាក់ថា «តំបន់ខ្នងផ្សារ» ជាតំបន់មួយដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន ជាពិសេសគឺសំណាក់យុវជនពេញនិយមក្នុងការដើរឡើងភ្នំ ដើម្បីមើលទេសភាព និងចំណាយពេលសម្រាកតាមរយៈការបោះតង់នៅទីតាំងនោះផ្ទាល់តែម្តង៕