
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុង «វេទិកាអនាគតអាស៊ានលើកទី២» នៅទីក្រុងហាណូយ នៅថ្ងៃទី២៥-២៦ ខែ កុម្ភៈ ឆ្នាំ២០២៥។
បើតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសបានឱ្យដឹងថា វេទិកាអនាគតអាស៊ាន លើកទី២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការកសាងអាស៊ានប្រកបដោយការរួបរួម បរិយាបន្ន និងភាពធន់ ក្នុងបរិបទនៃបរិវត្តកម្មសាកល»។
តបតាមការអញ្ជើញរបស់ ឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប្រាក់ សុខុន នឹងថ្លែងសុន្ទរកថានៅក្នុងវេទិកានេះលើប្រធានបទ “ការពិនិត្យ ឡើងវិញនូវគោលការណ៍គ្រឹះរបស់អាស៊ាន៖ ការត្រៀមលក្ខណៈសម្រាប់ការប្រឈមនាពេលអនាគត”។ ក្នុងឱកាសចូលរួមវេទិកានេះ លោក ប្រាក់ សុខុន គ្រោងនឹងមានជំនួប ទ្វេភាគីដាច់ដោយឡែកជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពិភាក្សាអំពីការធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជម្រៅថែមទៀត។
គួរបញ្ជាក់ផងដែរថា វេទិកានេះនឹងប្រមូលផ្តុំថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកតាក់តែង គោលនយោបាយ អ្នកជំនាញ និងអ្នកអនុវត្ត ចូលរួមក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ ដើម្បីពិភាក្សាលើ បញ្ហាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អនាគតរបស់អាស៊ាន៕
