Cctime 6monthsfree desktop
Cc times  web banner kh

គិតត្រឹមឆ្នាំ២០២៤ រដ្ឋចំណាយថវិកាជាង៤០០លានដុល្លារលើរបបសន្តិសុខសង្គម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ របបសន្តិសុខសង្គមមានចំនួន ៣ធំៗ ដែលគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ២លាន៧សែននាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដោយបានចំណាយថវិកាប្រមាណ ២,២៩៧ប៊ីលានរៀល ដែលស្មើប្រមាណ ៥៧៤លានដុល្លារអាម៉េរិក ក្នុងនោះមានថវិការដ្ឋ ៤០៦លានដុល្លារអាម៉េរិក និងថវិកាភាគទាន១៦៨លានដុល្លារអាម៉េរិកនៅក្នុងមួយឆ្នាំ។

ទិន្នន័យខាងលើនេះជាការគូសបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា របបសន្តិសុខសង្គមទាំងនោះ រួមមាន៖ ១). របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.; ២). របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិត និង មន្ត្រីសាធារណៈ និង ៣). របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន។

លោកបន្តថា គិតចាប់តាំងពីឆ្នាំ ២០១៧ មក រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គមថ្មីៗ ដែលគិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ បានចំណាយថវិកាប្រមាណ ៨៦៣លានដុល្លារ និងចំណាយប្រមាណ ១ ៤២២លានដុល្លារអាម៉េរិកទៀត ដើម្បីជួយរក្សាលំនឹងជីវភាពរបស់ពលរដ្ឋ នៅពេលជួបវិបត្តិ និងគ្រោះអាសន្នកន្លងមក។

លើសពីនេះ នៅពេលជួបវិបត្តិ និងគ្រោះអាសន្នកន្លងមក ទាំងការរីករាលដាលនៃជំងឺកូវីដ១៩ សម្ពាធអតិផរណា និង គ្រោះទឹកជំនន់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាល ក៏បានគិតគូរ និងផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈអន្តរាគមន៍ជំនួយសង្គមពិសេស ដល់គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ដោយបានចំណាយថវិការដ្ឋបន្ថែមសរុបចំនួន ៥.៧ទ្រីលានរៀល សមមូលប្រមាណ ១ ៤២២ លានដុល្លារអាម៉េរិក, ដើម្បីជួយរក្សាលំនឹងជីវភាព កាត់បន្ថយកម្មវិបាកអវិជ្ជមាន និង ស្តារជីវភាពរបស់ពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមអនុវត្តក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ ២០១៦- ២០២៥, ប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានពង្រីកវិសាលភាពលើសមុន ជាង ២ ដង ខណៈការគ្របដណ្តប់ប្រជាពលរដ្ឋ បានកើនពីចំនួន ៣.៣លាននាក់ កាលពីឆ្នាំ ២០១៧ ដល់ជាង ៧.៥លាននាក់ ក្នុងឆ្នាំ ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង