Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋអាចដាក់ពាក្យប្តឹងមកកាន់និយ័ករសន្តិសុខសង្គម ក្នុងករណីមានវិវាទណាមួយមិនអាចដោះស្រាយបានជាមួយ ប.ស.ស.

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាល់សមាជិក ប.ស.ស. ដែលជា កម្មករនិយោជិត, បុគ្គលស្វ័យនិយោជន៍ និងមន្រ្តីរាជការ មានវិវាទណាមួយហើយវិវាទនោះមិនអាចដោះស្រាយបាន ជាមួយ ប.ស.ស., ពួកគាត់អាចបន្ត ដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ដើម្បីនិយ័តករសន្តិសុខសង្គម ជួយរកស្វែងរកដោះស្រាយបន្ថែម មុននឹងឈានប្ដឹងទៅសាលាដំបូងនៃរាជធានី-ខេត្ត។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម។

លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានលើឡើងថា និយ័តករសន្តិសុខសង្គម ហៅកាត់ថា ន.ស.ស. ត្រូវបានបង្កើតឡើងដើម្បីធ្វើនិយ័តកម្មក្នុងប្រព័ន្ធសន្ដិសុខសង្គមក្នុងគោលបំណង ធានានូវប្រតិតុល្យការ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាដែលបានមកពីការបង់ភាគទានពីសមាជិក ប.ស.ស. ក៏ដូចជាចូលរួមកសាងនូវភាពរឹងមាំរបស់ប្រព័ន្ធគាំពារសន្តិសុខសង្គម ដើម្បីអាចពង្រីកវិសាលភាព និងធានាបាននូវចីរភាពនៃប្រព័ន្ធនេះ សម្រាប់បច្ចុប្បន្ន និងអនាគត។

លោកបណ្ឌិតបន្តថា អនុលោមតាមមាត្រា១១ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម, និយ័តករសន្តិសុខសង្គម ក៏មានភារកិច្ចក្នុងការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់ ផងដែរ។ ដូចនេះ រាល់សមាជិក ប.ស.ស. ដែលជា កម្មករនិយោជិត, បុគ្គលស្វ័យនិយោជន៍ និងមន្រ្តីរាជការ មានវិវាទណាមួយហើយវិវាទនោះមិនអាចដោះស្រាយបាន ជាមួយ ប.ស.ស., ពួកគាត់អាចបន្ត ដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ដើម្បីនិយ័តករសន្តិសុខសង្គម ជួយរកស្វែងរកដោះស្រាយបន្ថែម មុននឹងឈានប្ដឹងទៅសាលាដំបូងនៃរាជធានី-ខេត្ត ។

លោកបណ្ឌិត បន្ថែមថា និយ័តករសន្តិសុខសង្គម ដែលជាស្ថាប័នមានតួនាទី និងភារកិច្ចក្នុង “ការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់” ក៏ទទួលពាក្យបណ្តឹង ពី សមាជិក ប.ស.ស. ដែលជា អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ផងដែរ ក្នុងករណីដែល មានវិវាទណាមួយ មិនអាចទទួលបានការដោះស្រាយសមរម្យ និងពេញចិត្ត ពី មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.)។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បាននិងកំពុង យកចិត្តទុកដាក់ជាខ្លាំងក្នុងការ ផ្តល់កិច្ចគាំពារនានាជូនដល់ពលរដ្ឋ ក៏ដូចជាយន្តការអភិបាលកិច្ចក្នុងប្រព័ន្ធគាំពារសង្គម។ ក្នុងពិធីបើកសប្តាហ៍គាំពារសង្គម ឆ្នាំ២០២៥ សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុស្សសាសន៍បន្ថែមមួយចំនួនដល់និយ័តករសន្តិសុខសង្គម ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីអនុវត្តមុខងារ និយ័តកម្ម និង ត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គម ដែលកំពុងរីកធំឡើងៗ ឱ្យកាន់តែមានប្រសិទ្ធភាព និង រក្សាបាននូវភាពរឹងមាំ និង ចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម ដែលធានាបាននូវសិទ្ធិ និង អត្ថប្រយោជន៍ពេញលេញ របស់សមាជិក ក្នុងរយៈពេលវែង៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង