
ភ្នំពេញ៖ នាយិកាជាន់ខ្ពស់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk នៅថ្ងៃទី ២០ កុម្ភៈនេះបានជួបនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ស្វែងរកឱកាសវិនិយោគ និង បានលើកឡើងថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។
នៅក្នុងជំនួបនោះ តាំងនាមជា ក្រុមហ៊ុន SpaceX លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX - Starlink បានថ្លែងចាត់ទុកកម្ពុជា គឺជាគោលដៅអាទិភាពខ្ពស់ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។សម្រាប់លោកស្រី បានគោរពជម្រាបជូន សម្តេច ហ៊ុន ម៉ាណែត ថា គណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ។
ក្នុងនាមជាម្ចាស់ផ្ទះ សម្ដេច ហ៊ុន ម៉ាណែត រីករាយចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។
ជាចុងក្រោយនៃជំនួប សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា៕

