Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្រ្តីសុខាភិបាលស្នើឱ្យអង្គការECRIជួយប្រព័ន្ធថែទាំសុខភាពកម្ពុជា និងជួយគ្រប់គ្រងការចំណាយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានស្នើឱ្យអង្គការឯករាជ្យមិនគិតប្រាក់ចំណេញ ECRI ប្រចាំអាស៊ីប៉ាស៊ីហ្វិក ពិនិត្យលទ្ធភាពក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជំនាញ ដើម្បីចូលរួមគាំទ្រវិស័យសុខាភិបាលកម្ពុជា និងពិភាក្សាគ្នាលើលទ្ធភាពគម្រោងចូលរួមជួយប្រព័ន្ធថែទាំសុខភាព លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ កែលម្អគុណភាពគ្លីនិក និងគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។ សំណើនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក Eric Woo អនុប្រធាន អង្គការឯករាជ្យមិនគិតប្រាក់ចំណេញ ECRI ប្រចាំអាស៊ីប៉ាស៊ីហ្វិក នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

នាឱកាសនេះ លោក Eric Woo បានលើកឡើងអំពីបទពិសោធន៍ការងាររបស់រូបលោកផ្ទាល់ ព្រមទាំងបានលើកឡើងអំពីបេសកកម្មរបស់ ECRI ដែលជាអង្គការឯករាជ្យមិនគិតប្រាក់ចំណេញ មានបេសកកម្មស្រាវជ្រាវការថែទាំសុខភាព ជួយដល់ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាថែទាំសុខភាព ដើម្បីសុវត្ថិភាពអ្នកជំងឺ។ ECRI ជួយអ្នកពាក់ព័ន្ធជាច្រើន តាមរយៈការស្រាវជ្រាវដ៏រឹងមាំ ការវាយតម្លៃបច្ចេកវិទ្យា ផ្តល់ព័ត៌មានត្រឹមត្រូវ ជួយអ្នកបង្កើតគោលនយោបាយរហូតដល់អ្នកផ្តល់សេវា ក្នុងការសម្រេចចិត្ត ដែលនាំទៅរកស្តង់ដារសុវត្ថិភាព គុណភាពខ្ពស់នៃការថែទាំអ្នកជំងឺ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ដោយពិនិត្យលើប្រវត្តិការងាររបស់អង្គការ និងបទពិសោធន៍ការងាររបស់ លោក Eric Woo លោកសាស្រ្តាចារ្យបានសំណូមពរជាបឋមជូនអនុប្រធាន ពិនិត្យលទ្ធភាពជួយសហការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញការស្រាវជ្រាវអំពីការអនុវត្តប្រើប្រាស់និយាមស្តង់ដារ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាពសេវាថែទាំ និងមន្ទីរពេទ្យ ឱ្យការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង