
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២០ កុម្ភៈនេះ បានថ្លែងសារ ក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាព្យាបាលជូន ដល់បងប្អូន ប្រជាពលរដ្ឋដោយគ្មានការរើសអើង ជាពិសេស ពលរដ្ឋណាដែល មានបណ្ណបេឡាជាតិសន្តិសុខសង្គម ប.ស.ស។
ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតី ពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥” ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងជំរុញដល់តួអង្គផ្ដល់សេវាគាំពារសង្គមទាំងអស់ ទាំងរដ្ឋ និង ឯកជនត្រូវអនុវត្តការផ្ដល់សេវាដល់ប្រជាពលរដ្ឋឱ្យមានតម្លាភាព ត្រឹមត្រូវចំពោះប្រជាពលរដ្ឋទាំងអស់។ ហើយបើសិនជាមូលដ្ឋានមួយណាមិនអនុវត្តបានត្រឹមត្រូវ គឺត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត។
ជាការកត់សម្គាល់ ការថ្លែងរបស់សម្តេច ហ៊ុន ម៉ាណែត នេះ ធ្វើឡើងក្រោយពីមានមតិរិះគន់មួយចំនួយពីការទទួលបានសេវាព្យាបាលសុខភាពមិនបានល្អ និង បារម្ភពីគុណភាពព្យាបាល នៅពេលប្រើ មានបណ្ណបេឡាជាតិសន្តិសុខសង្គម ប.ស.ស។