
សៀមរៀប៖គិតត្រឹមថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ២០២៥នេះ គឺរយៈពេល៣០ឆ្នាំហើយនៃការបង្កើតអាជ្ញាធរជាតិអប្សរា។នៅថ្ងៃនេះ អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនា រួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៅបរិវេណស្ពានហាលប្រាសាទបាយ័ន ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។សម្រាប់ថ្នាក់ដឹកនាំរយៈពេល៣០ឆ្នាំ អាជ្ញាធរជាតិអប្សរា ជាឆ្អឹងខ្នងក្នុងកិច្ចការ«អភិរក្ស និងអភិវឌ្ឍ»តំបន់អង្គរជាតំបន់គំរូសម្រាប់អន្តរជាតិ។

ថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ១៩៩៥ ដល់១៩ កុម្ភៈ ឆ្នាំ២០២៥ គឺជាខួប៣០ឆ្នាំនៃការបង្កើត អាជ្ញាធរជាតិអប្សរា។៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា បានដើរតួនាទីអភិរក្ស ដោយមានការជ្រោមជ្រែងជាឆ្អឹងខ្នង ការអនុវត្តបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (អាយស៊ីស៊ី-អង្គរ) ការជួយជ្រោមជ្រែងពីបណ្តាប្រទេសអន្តរជាតិជាមិត្ត ជាពិសេស ជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យអាជ្ញាធរជាតិអប្សរាទទួលបានជោគជ័យ។នេះជាការលើកឡើងរបស់លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

លោក ហង់ ពៅ បានរំពឹកកាលពីក្នុងឆ្នាំ២០០៤ អង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ហើយបន្ទាប់មកទៀត អាជ្ញាធរជាតិអប្សរា បានកំណត់គោលដៅបន្ថែមទៀត គឺការអភិវឌ្ឍដោយចីរភាពបន្ថែមលើការអភិរក្ស។ ក្រៅពីធានាឱ្យបាននូវកិច្ចការអភិរក្ស និង ការអភិវឌ្ឍដោយចីរភាព ការងារដែលសំខាន់មួយទៀត គឺការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរទាំង១១២ភូមិ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងបេតិកភណ្ឌអរូបី ការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណរបស់តំបន់អង្គរ ឱ្យមានជីវិតរស់រវើក។

បើតាមលោក ហង់ ពៅ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរជាតិអប្សរា នៅឆ្នាំ២០២៣ អង្គរ ត្រូវបានស្ថាប័នអន្តរជាតិទទួលស្គាល់និងយកធ្វើជាគំរូ ក្នុងការអនុវត្តទៅលើបេតិកភណ្ឌផ្សេងទៀតលើពិភពលោក ក្នុងចំណោមបេតិកភណ្ឌ៣ប្រភេទ គឺបេតិកភណ្ឌក្នុងសង្រ្គាម បេតិកភណ្ឌក្រោយសង្រ្គាម និងបេតិកភណ្ឌជោគជ័យ។

គួរបញ្ជាក់ថា អាជ្ញាធរអប្សរា បង្កើតឡើងជាផ្លូវការនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៩៥ ក្នុងលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលតម្រូវឱ្យកម្ពុជាចុះបញ្ជីប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌ ដោយការអនុវត្តន៍តាមលក្ខខណ្ឌសំខាន់ៗចំនួនប្រាំ គឺតម្រូវការក្នុងការបង្កើតស្ថាប័នជាតិមួយដែលមានធនធានមនុស្ស និងហិរញ្ញវត្ថុចាំបាច់ ដើម្បីគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍរមណីដ្ឋានអង្គរ ពោលតួនាទីសំខាន់គឺត្រូវការពារ អភិរក្ស និង អភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕