Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋខ្មែរអ្នកចិញ្ចឹមឃ្មុំ ប្រកាសធានាពីគុណភាព និង រក្សាវិជ្ជាជីវៈអ្នកចិញ្ចឹមឃ្មុំបែបធម្មជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ក្រុមប្រជាពលរដ្ឋខ្មែរដែលប្រកបមុខរបរចិញ្ចឹមឃ្មុំ 

កំពង់ចាម៖ ក្រុមប្រជាពលរដ្ឋខ្មែរដែលប្រកបមុខរបរចិញ្ចឹមឃ្មុំ បានប្រមូលផ្តុំគ្នាថតជាវីដេអូ ផ្សាយតាមបណ្តាញសង្គម ដោយបានប្រកាសធានាពីគុណភាពទឹកឃ្មុំខ្មែរ រក្សាវិជ្ជាជីវៈអ្នកចិញ្ចឹមឃ្មុំបែបធម្មជាតិ។ការចេញវីដេអូនេះ គឺធ្វើឡើងក្រោយពីអាជ្ញាធរកម្ពុជាបង្ក្រាបលើក្រុមហ៊ុនវៀតណាមមួយដែលជាប់ពាក់ព័ន្ធនាំចូលទឹកឃ្មុំក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ឈានដល់ការចុះបិទទីតាំងក្រុមហ៊ុន។

តាមរយៈវីដេអូបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ប្រជាពលរដ្ឋខ្មែរដែលអះអាងថា ជាសមាជិកសហគមចិញ្ចឹមឃ្មុំកម្ពុជា ចេញវីដេអូបំភ្លឺទាក់ទងបញ្ហាដែលកំពុងតែផ្ទុះការវែកញែកទៅលើរឿងទឹកឃ្មុំក្លែងក្លាយដែលកំពុងចរាចរនៅលើទីផ្សារប្រទេសកម្ពុជា។ក្នុងវីដេអូនោះ បានពន្យល់ថា ក្រុមហ៊ុនវៀតណាមដែលអាជ្ញាធរកម្ពុជាបង្ក្រាបនោះ គឺជាក្រុមហ៊ុននាំចូលនូវទឹកឃ្មុំសុទ្ធធម្មតាពីប្រទេសជិតខាងយកមកស្តុកទុកនៅកម្ពុជា ក្រោយមកបន្លំប្រភពថា ជាទឹកឃ្មុំរបស់ខ្មែរ ដើម្បីនាំចេញទៅក្រៅប្រទេស។

បើតាមវីដេអូ ក្រុមប្រជាពលរដ្ឋ អំពាវនាវឈប់មានការយល់ច្រឡំថា ទឹកឃ្មុំដែលចែកចាយនៅលើទីផ្សារស្រុកខ្មែរជាទឹកឃ្មុំមិនល្អ ជាទឹកឃ្មុំក្លែងក្លាយប្រភព ព្រោះប្រជាកសិករខ្មែរយើងរក្សាក្រមសីលធម៌ រក្សាវិជ្ជាជីវៈអ្នកចិញ្ចឹមឃ្មុំបែបធម្មជាតិ ចែកចាយតែទឹកឃ្មុំដែលមានគុណភាព ពុំមានការកែច្នៃ ពុំមានការក្លែងបន្លំគុណភាពទឹកឃ្មុំនោះទេ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សង្ស័យធ្វើការនាំចូល ស្តុកទុក ទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ។នៅក្នុងអំឡុងពេលប្រតិបត្តិការនោះ សមត្ថិកិច្ចជំនាញបានរកឃើញទឹកឃ្មុំក្លែងបន្លំ សរុបចំនួន១៣០ធុង ដែលមានទម្ងន់សរុបជិត២០តោន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង