
ភ្នំពេញ៖សហមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី ១៩ តុលានេះ បានអះអាងថា មានរោងចក្រចំនួន៧៩ទីតាំងហើយ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយរោងចក្រទាំងអស់នោះអាចនឹងដាក់ពាក្យស្នើទៅក្រសួងការងារដើម្បីព្យួរមួយរយៈយកពេលរៀបចំរោងចក្រឡើងវិញ។
លោក កាំង មូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតមកដល់ថ្ងៃទី១៩ តុលានេះ មានរោងចក្រចំនួន៧៩ទីតាំងស្ថិតនៅក្នុងខេត្តក្រុងចំនួន៣ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយផលប៉ះពាល់ដល់កម្មករនិយោជិកជាង៤ម៉ឺននាក់។
បើតាមមូនីកា សម្រាប់រោងចក្រកាត់ដេរដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ខ្លាំង ពួកគេត្រូវការពេលវេលា ក្នុងសិក្សារោងចក្រ ពិនិត្យគ្រឿងម៉ាស៊ីដែលរងការលិចលង់ ដូច្នេះរោងចក្រអាចនឹងដាក់ពាក្យស្នើទៅកាន់ក្រសួងការងារ ដើម្បីព្យួរមួយរយៈ។
លោកកាំង មូនីកា និយាយថា "យើងគិតថា រោងចក្រមួយចំនួនអាចនឹងត្រូវការពេលវេលាខ្លះ ដើម្បីរាប់ចំរោងចក្រឡើងវិញ"។
គួរបញ្ជាក់ថា រោងចក្រចំនួន៧៩ទីតាំងដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងស្ថិតនៅក្នុងខេត្តក្រុងចំនួន៣ក្នុងនោះមាន៖ រាជធានីភ្នំពេញ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងច្រើនជាងគេរហូតដល់ទៅ៦២ទីតាំង បន្ទាប់មកខេត្តកណ្ដាលចំនួន១៣ទីតាំង និងកំពង់ស្ពឺចំនួន៤ទីតាំង ដែលសរុប៣ទីតាំងនេះ។
សូមជម្រាបជូនថា ក្រសួងការងារនៅថ្ងៃទី១៥តុលា បានណែនាំដល់ម្ចាស់រោងចក្រត្រូវតាមដានការព្យាករណ៍ឧតុនិយម សម្រាប់ត្រៀមជម្លៀសកម្មករ នៅពេលមានលិចទឹក។ ត្រូវយកចិត្តទុកដាក់ចំពោះប្រព័ន្ធអគ្គិសនី និងកន្លែងទុកសារធាតុគីមីជាដើម។ រីឯកម្មករនិយោជិត ត្រូវគោរពតាមការណែនាំរបស់រោងចក្រហើយប្រយ័ត្នដោយខ្លួនឯងចៀសវាងការនៅជិតប្រព័ន្ធអគ្គិសនី។ នេះបើតាមសេចក្ដីក្រើនរំឮករបស់ក្រសួងការងារ៕