ខេត្តកំពង់ធំ៖ សមាគមឧកញ៉ាកម្ពុជា បានបរិច្ចាគជាថវិកានិងសម្ភារៈសិក្សាសរុបជាទឹកប្រាក់ចំនួន១,១៧៨,៨៨៨ ដុល្លារអាម៉េរិក សម្រាប់ប្រគល់ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃខេត្តកំពង់ធំ ក្នុងនោះរួមមានការកសាងអគារសិក្សា, សម្ភារៈការិយាល័យ, ជួសជុលអគារសិក្សា, សម្ភារៈសិក្សា និងសម្លៀកបំពាក់ ក៏ដូចជាការផ្តល់ជូនកង់ ម៉ូតូ ដើម្បីសម្រួលដល់ការធ្វើដំណើរ។
ពិធីសំណេះសំណាល និងចែកអំណាយសប្បុរិសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» ត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្រាប់សកម្មភាពសប្បុរសធម៌នេះ សមាគមឧកញ៉ាកម្ពុជា បានកៀរគរនូវធនធានជាថវិកា និងសម្ភារៈនានាតាមរយៈការចូលរួមបរិច្ចាគរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ប្រមាណជា ១១៤រូប ដើម្បីជួយកសាងអគារសិក្សាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗព្រមទាំងឧបត្ថម្ភជាសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំង១០ ក្នុងនោះសប្បុរសជន ១១៤នាក់ បានបរិច្ចាគជាថវិកាសរុបចំនួន ១,០៣០,០០០ ដុល្លារអាម៉េរិក និងសម្ភារៈមួយចំនួនទៀតដែលគិតជាទឹកប្រាក់សរុបចំនួន ១៤៨,៨៨៨ ដុល្លារអាម៉េរិក។
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការចូលរួមសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាពមួយរបស់ខ្លួនដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។
នាឱកាសនោះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា អំណោយសប្បុរសធម៌របស់សមាគមឧកញ៉ាកម្ពុជាដែលសរុបទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិកនាពេលនេះ គឺមានតម្លៃខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាល និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកំពង់ធំ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំផ្ទាល់តែម្តង។
ថវិកាទាំងនោះនឹងត្រូវបែងចែកទៅលើការកសាងអគារសិក្សាចំនួន៥ខ្នង ស្នើនឹង៥៥បន្ទប់, ថវិកាសម្រាប់ជួសជុលអគារសិក្សា កសាងហេដ្ឋារចនាសម្ព័ន្ធ ក្តារខៀន តុ កៅអី និងសម្ភារៈការិយាល័យក្នុងសាលាទាំង ១០, ថវិកាលើកទឹកចិត្ត សម្ភារៈសិក្សា និងសម្លៀកបំពាក់ សម្រាប់លោកគ្រូអ្នកគ្រូចំនួន ១៨៥នាក់ និងសិស្សានុសិស្សសរុប ៥៦៥០នាក់ ក៏ដូចជា មធ្យោបាយធ្វើដំណើររួមមានម៉ូតូ ១៥គ្រឿង និងកង់ ១៦គ្រឿងសម្រាប់លោកគ្រូ អ្នកគ្រូដែលមានទីលំនៅឆ្ងាយពីសាលារៀន ព្រមទាំងកង់ ៧៨៤គ្រឿងដល់សិស្សានុសិស្សដែលមានជីវភាពលំបាក និងខ្វះខាតមធ្យោបាយធ្វើដំណើរផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីប្រកាសបង្កើតជាផ្លូវការមក សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើនដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា មន្ទីរពេទ្យ វត្តអារាម សារៈមន្ទី ការឧបត្ថម្ភជាសម្លៀកបំពាក់ សម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគដល់សិស្សានុសិស្ស និងកុមារកំព្រាជាដើម៕






