
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំរបស់សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជាឯកភាពសហការចូលរួមពិភាក្សាជាមួយក្រសួងនិងអគ្គនាយកដ្ឋានសំណង់ ដើម្បីតាក់តែងគោលនយោបាយសាធារណៈលើកិច្ចការវិនិយោគ សំណង់និងស្ថាបត្យកម្មនេះឱ្យបានល្អជាប្រយោជន៍ក្នុងកិច្ចដំណើរការដោយរលូនលើវិស័យទាំងនេះនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ និងការចុះអនុស្សរណ:នៃការយោគយល់គ្នារបស់សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងនូវទស្សនទាននិងគំនិតមួយចំនួនដើម្បីឱ្យមានការឯកភាពគ្នានៅក្នុងសមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជាក៏ដូចជាដំណើរការរបស់សង្គមជាតិផងដែរ។ លោកបញ្ជាក់ថា ចំពោះការកសាងជាតិមិនមានអ្វីដែលលំបាកពេកទេសំរាប់កម្ពុជា ព្រោះកម្ពុជាជាប្រទេសតូចនិងបានដើរលើផ្លូវដ៏ត្រឹមត្រូវ១តាំងពីក្រោយឆ្នាំ១៩៧៩រហូតមកដល់ពេលនេះ ដូច្នេះត្រូវបន្តការកសាងជាតិចាប់ពីពេលនេះតទៅមុខទៀត ត្រូវបោះជំហានឲ្យបានត្រឹមត្រូវឆ្ពោះទៅមុខ និងមិនត្រូវថយក្រោយឡើយដើម្បីប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ជារៀងរហូត។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាជោគវាសនាអនាគតរបស់ប្រទេសជាតិគឺស្ថិតនៅលើដៃរបស់យើងទាំងអស់គ្នាដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាគូសវាសគិតគូរធ្វើយ៉ាងណាឱ្យអនាគតរបស់កម្ពុជាកាន់តែមានភាពរុងរឿង ប្រជាពលរដ្ឋមានជីវិតរស់នៅល្អ មានជីវភាពធូរធារ និងមានសុភមង្គលតជំនាន់៕



