
ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានបង្ហោះតាមបណ្តាញសង្គមរបស់ខ្លួនដោយថា ខ្លួនត្រូវបានមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ ប្រមាថ និង រុញច្រានមកលើរូបលោក។ករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យហៅមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅសែនសុខមកសួរនាំ និង អញ្ជើញ ឯកឧត្តមបណ្ឌិត សុខ ទូច ដើម្បីចូលដោះស្រាយបញ្ហារួមគ្នា។
ករណីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ប៉ះសម្តីគ្នាជាមួយសមត្ថកិច្ចចុះត្រួតពិនិត្យសារធាតុស្រវឹង នៅចំណុចផ្លូវភ្នំពេញហាណូយ កាលពីថ្ងៃទី១៧ កុម្ភៈ កំពុងផ្ទុះការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពីលោកបណ្ឌិតបង្ហោះថា លោកត្រូវបានរង«ការប្រមាថ»ពីមន្រ្តីនគរបាលចរាចរណ៍។
យោងតាមបណ្តាញសង្គមផ្លូវការ លោកបណ្ឌិត សុខ ទូច បានធ្វើដំណើរមកភ្នំពេញវិញ ក្រោយបំពេញការងារចុះស្រាវជ្រាវនៅខេត្ត អស់រយៈពេល៣ថ្ងៃ បានសរសេររៀបរាប់ថា លោកបានហូបបាយ និង ស្រាបៀអស់មួយកំប៉ុង ដើម្បីរំសាយការហត់នឿយ ក្រោយបំពេញការងារនៅមូលដ្ឋាន។ បន្ទាប់ពីពិសារបាយរួច ប្រធានរាជបណ្ឌិត្យសភារូបនេះ បានបើករថយន្តជូនមន្ត្រីខ្លួន ទៅយកម៉ូតូនៅកន្លែងធ្វើការ មុននឹងលោកធ្វើដំណើរទៅគេហដ្ឋាន នៅម្ដុំបាសិត ក្នុងស្រុកពញ្ញាឭ ខេត្តកណ្ដាល។
បើតាមលោកបណ្ឌិត លុះមកដល់ចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី នៅម៉ោងជិត១២យប់ លោក សុខ ទូច ក៏បានជួបកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និង កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និង ត្រួតពិនិត្យជាតិស្រវឹង។
លោកបណ្ឌិត បានសរសេរយ៉ាងដូច្នេះថា "ពួកគាត់ឃាត់ឡាននិងឱ្យខ្ញុំផ្លុំវាស់កម្រិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាច(ទុយោ)ដដែលរបស់អ្នកចាស់ឆ្លងរោគ ផ្ទុយទៅវិញគេគំហកថា ហ្អែងស្អី បានមកបញ្ជាកងកម្លាំង។ ខ្ញុំកំពុងតែហត់នឿយផងលឺបែបនេះ ខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមកខ្ញុំសហការផ្លុំចំនួន៣ដង តែមិនឃើញកម្រិតជាតិអាល់កុលដែលគេចង់បាន គេថាខ្ញុំផ្លុំមិនត្រឹមត្រូវ ឱ្យខ្ញុំផ្លុំម្តងទៀត តែក្រោយនេះខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថាបើខ្ញុំខុសចង់ដាក់ខ្នោះខ្ញុំដាក់ទៅ"
ភ្លាមៗស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺដោយបានសរសេរការពារក្រុមមន្រ្តីនគរបាលចរាចរណ៍ អមជាមួយបង្ហោះវីដេអូដែលបានលួចថតពេលលោកបណ្ឌិត សុខ ទូច។តាមរយៈសំណេរអមជាមួយវីដេអូ ស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចនៅគោលដៅនោះមិនបានស្គាល់លោកបណ្ឌិត សុខ ទូច នោះទេ នៅពេលនោះគាត់មានកាយវិកា និង ពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុល។
ស្នងការនគរបាលរាជធានីភ្នំពេញ សរសេរថា "បន្ទាប់មកគាត់យល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ឆក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថា ដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ។ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយ យកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា) ទៅវិញ និងចោទថា ប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល"។
តបជាមួយវីដេអូ ដែលស្នងការនគរបាល បង្ហោះជាសាធារណៈនេះ លោកបណ្ឌិត សុខ ទូចតបសារយ៉ាងខ្លី ដោយភ្ជាប់ជាមួយវីដេអូរបស់ខ្លួន ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ដូច្នេះថា៖«នេះជាសកម្មភាពពេលដែលខ្ញុំច្រឡោតហើយ ក្រោយពេលហៅខ្ញុំ "អា"ផង "ហ្អែង"ផង (វីឌីអូនេះមិនមែនជារបស់ខ្ញុំថតទេ គេផ្ញើមកក្រោយមានការបង្ហោះ) ខ្ញុំសូមយកមកចែកបន្ត»។
តែយ៉ាងណាចុងក្រោយនេះ មានវីដេអូទី ២ ដែលត្រូវបានបែកធ្លាយ គឺក្នុងវីដេអូនោះ គឺឃើញ មន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅសែនសុខ នាំគ្នារុញច្រាន និង បានរួមគ្នាស្ទាក់ចាប់លោកបណ្ឌិត សុខ ទូច ជាមួយការគំរាមស្រែដោយគ្មានការគោរព៕